ខេត្តបាត់ដំបង៖ សិស្សសាលាប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី០៧ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1T-8142 បើកបរដោយឈ្មោះ ភី ភេទប្រុស អាយុជាង១០ឆ្នាំ (សិស្សសាលារងរបួសធ្ងន់ បាក់ដៃម្ខាង) និងអ្នករួមដំណើរជាក្មេងស្រីសិស្សសាលាអាយុជាង១០ឆ្នាំម្នាក់(របួសស្រាល)ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-2614 បើកបរដោយក្មេងសិស្សសាលាម្នាក់ឈ្មោះ សី រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច(ផ្លូវលំ) បើកបរក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំងបីនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ចន្ទ លីហ្សា