កិច្ចប្រជុំត្រៀមសម្រាប់ការអនុវត្ត បើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារដោយវិបត្តិសេដ្ឋកិច្ចសកល

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ។

កិច្ចប្រជុំបានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។

តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។

បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធ លើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយ រួចមក លោកបណ្ឌិត អ៉ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

លោករដ្ឋមន្រ្តីបានសំដែងនូវការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល ១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏បានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print