ខេត្តកំពង់ចាម ៖ ជាយូរមកហើយ គ្រូសីល ឧកញ៉ា អ៊ឹម ប្រុស មានឈ្មោះល្បីពូកែ និងមានលុយច្រើន តែករណីខ្លះ ប្រព្រឹត្តនូវភាពមិនប្រក្រតី ។
ទីបំផុត ! ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលការចាប់ខ្លួននេះ បានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មាន អោយដឹង ថា , នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។
ការចាប់ខ្លួននេះ ក៏មានការភ្ញាក់ផ្អើល ខណៈគេមិនដឹងថា គាត់បានប្រព្រឹត្តដល់ថ្នាក់នេះសោះ។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖
-ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម,
-ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម
-និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, ។
-គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់
-(គ្រាប់K59 ចំនួន ៤៩គ្រាប់
– និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦,
– ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿង, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។
បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកទណ្ឌិត រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី។ ហើយមន្ត្រីនគរបាលយុត្តិធម៌ នឹងបញ្ជូនខ្លួនជនជាប់ចោទ ទៅតុលាការ។
គេកំពុងតែមានចម្ងល់ថា, ហេតុអ្វី គ្រូសីល ឧកញ៉ា អ៊ឹម ប្រុស មានអាវុធ និងគ្រាប់កាំភ្លើងច្រើនយ៉ាងនេះ ? ៕
ដោយ : សហការី