នេះជាសារឆ្លើយឆ្លងរវាង លោកស្រី ទ្រី ដាណា និងមន្ត្រីក្រសួងវប្បធម៌ មុនពេលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តែងប្រតិកម្ម !

ចែករំលែក៖

ភ្នំពេញ ; ដើម្បីដឹងការពិត ! សូមបង្ហាញសារឆ្លើយឆ្លងរវាងលោកស្រី ទ្រី ដាណា និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តែងប្រតិកម្ម។ ខ្លាចបងប្អូនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមមិនទាន់សាច់រឿង។
លោកស្រី ទ្រី ដាណា Dana Try បានសរសេរថា ;
នាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន ដែលខ្ទង់ចំណាយ(ជាង10ម៉ឺនដុល្លារ បញ្ជាក់គឺ គ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយ ។ ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយ មានការចងចាំមួយប៉ុណ្ណោះ ។ តែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង . មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផល លំបាកដល់ខ្ញុំ,លឺដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន…….។
ដោយឡែកខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាខោន គណនីឈ្មោះ Korsma Meng បានសរសេរថា :
ក្រសួងវប្បធ៌ម ពិតជាមិនបានបង្ករការលំបាកអ្វីទៅដល់លោកស្រីក្នុងការ ស្នើរសុំថតរូបភាពផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្ករនោះទេ។ ក្រសួងគ្រាន់តែ តម្រូវអោយមានការឆ្លងជូនសាស្ត្រាចារ្យតាមជំនាញសិន សុំត្រួតពិនិត្យ ជាមុន ថាតើការស្លៀកពាក់ និងការតុបតែងគ្រឿងអលង្ការតាមបែបបុរាណ រចនាបថអង្កររបស់ក្រុមលោកស្រីរៀបចំនោះតើត្រឹមត្រូវដែរឬទេ? ហើយរូប ភាពដែលបំរុងនឹងលើកយកទៅផ្សព្វផ្សាយទៅគ្រប់ទិសទីនោះ វាខុសឬត្រូវ ឆ្គាំឆ្គងកំរិតណា? ដើម្បីជៀសវាងមតិរិះគន់ពីមហាជនផង ហើយក៍ដើម្បីជា ការចងចាំមួយដ៍ត្រឹមត្រូវសម្រាប់អ្នកជំនាន់ក្រោយកុំអោយរង្វេងយល់ខុស ព្រោះតែការផ្សព្វផ្សាយនេះដែលមិនបានសិក្សាស្រាវជ្រាវអោយបានច្បាស់ លាស់ថាមួយណាជារបស់ខ្មែរ? មួយណាជារបស់អ្នកជិតខាងយើង?។ ក្រុមការងារត្រួតពិនិត្យទៅ ក៍បានឃើញមានកំហុសឆ្គងពិតមែន! ប៉ុន្តែ ដោយការយោគយល់ ចង់លើកទឹកចិត្តដល់កូនខ្មែរដែលស្រលាញ់ គាត់មាន ចិត្តចង់ចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយពីរប្បធ៌មរបស់ខ្លួនផង ម្យ៉ាង គាត់បានផលិតនិងធ្វើវារួចហើយផង យើងក៍បានត្រឹមសំនូមពរអោយមាន ការកែប្រែចំណុចខ្លះៗដូចជា ក្បាច់? ម្កុដធំខ្ពស់ពេក អលង្ការស្អេកស្កះពេក រហូតបាត់រាងរៅដងខ្លួនដ៍ល្អស្អាតរបស់តួអស់…!។ នៅពេលនោះក្រុមការងាររបស់លោកស្រីក៏យល់ព្រមទទួលថានឹងធ្វើការកែរប្រែដែរ។ ប៉ុន្តែ មកដល់ថ្ងៃនេះក្រសួងនៅមិនទាន់បានទទួលរូបថ្មី គឺរូបភាពដែល បានកែររួចនៅឡើយទេ។

ជាបទពិសោធន៍ ក្រសួងវប្បធ៌មតែងត្រូវទទួលរងមតិរិះគន់ពីមជ្ឈដ្ឋានខាង ក្រៅថា បណ្តោយ មិនមើល មិនណែនាំ មិនហាមឃាត់… ។ល។ តាមពិតហាមហើយ! ប្រាប់ហើយ! បាទ! ចាសតែនឋិននៅនឹងមុខទេ ដល់យកទៅធ្វើ។

លោកស្រីទ្រី ដាណា Dana Try ក៏ឆ្លើយត ថា, សុំទោស ខ្ញុំមិនដឹងថាគាត់ជាអ្នកណាទេតែការសរសេររគាត់បានល្អណាស់ តែបែបយកត្រូវតែខ្លួនឯង? ខ្ញុំចង់មានន័យថាហេតុអីក្រសួងមិនផ្តល់ភាពងាយស្រួលបន្តិចក្នុងការបង្ហាញ វប្បធម៌ទៅហេតុត្រូវអោយគ្នារត់ទៅ ចេញឌីហ្សាញម្ដងទៀតហើយត្រូវរត់ទៅប្រជុំម្ដងទៀត គ្រាន់តែថតរូប២ឈុតសោះ នេះជា អ្វីដែលបងចង់បាន ?ក្រែងបង ស្រីថាគេអោយដកហើយ ហើយក្រុមការងារខាងខ្ញុំក៏យល់ព្រមដកអស់ហើយដែរតែហេតុអីមិនចេញអោយថតទៅ?បើដល់ ថ្ងៃថតហើយ នេះហើយដែលថាផ្ដល់ផលលំបាកហើយអោយគ្នាត្រូវលើកថ្ងៃថតគ្រាប់តែអោយដកគ្នាដក់ហើយតើ?(ហើយ មួយទៀតត្រង់ចំណុចដែលគាត់និយាយថាខ្ញុំផលិតនិងធ្វើរួចហើយគឺខុសហើយខ្ញុំអត់មានបានផលិតនឹងធ្វើរួចអីទេ ខ្ញុំជួល គេមកពាក់ទេហើយក៏មិនទាន់បានពាក់ដែរគាត់និយាយខុស)(បញ្ចាក់សំលៀកបំពាក់គឺជួលខាងអ្នកមកស្លៀកទេហើយក៏ ធ្លាប់ឃើញគេថតបង្ហាញរួចមកហើយ ខ្ញុំមិនមែនអ្នកផលិតទេហើយបងប្អូនខ្មែរមួយចំនួនក៏មិនដឹងដូចគ្នា)បើរូបភាពនោះ ចេញមកខុសពីអ្វីដែលក្រសួងហាមក្រសួងមានសិទ្ធចេញប្រកាសថាគេមិនស្តាប់បានតើ?ហេតុអីក៏បង្ករភាពលំបាក់ខ្លាំងម្លេះ? បងស្រីនិយាយមកស្រួលណាស់ ?

បានហើយខ្ញុំនៅមានការបកស្រាយបន្ថែមប្រហែលស្អែកខ្ញុំនិងឆ្លៀតឡាយបន្ថែម… ខ្ញុំមិនចង់រកខុសត្រូវអីទេ តែពេលខ្លះអារម្មណ៍ជាកូនខ្មែរ១រូបដែលចង់បង្ហាញពីវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោក ហើយ មានអារម្មណ៍ថាហេតុអីក៏លំបាកម្ល៉េះ?។

ទីបំផុត ! នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ក្នុងសារសំឡេងសម្តេចតេជោ ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃនេះ បានគាំទ្រចំណាត់ការរបស់ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើទម្រង់សម្លៀកបំពាក់នោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ​ នៅពេលយកទៅស្លៀកបង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ។ អ៊ីចឹងទេម្ខាងធ្វើឱ្យខូចនូវច្បាប់ដើមរបស់យើង ឯម្ខាងទៀតអាចនឹងប្រទេសជិតខាងរបស់យើងចោទប្រកាន់ថាយើងបានលួចចម្លងពីប្រទេសរបស់គេ។ នេះជារឿងដែលខ្ញុំព្រះករុណា ខ្ញុំត្រូវតែពន្យល់លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់ថា ក្រសួងវប្បធម៌ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា «បើក្រសួងបណ្តែតបណ្តោយឱ្យមានការតាំងខុសពីរូបភាពដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផង និងទទួលខុសត្រូវចំពោះរដ្ឋសភាផង។ សូមកុំភ្លេចថា ច្បាប់របស់យើងរដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខសភាជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលោកស្រី ទ្រី ដាណា ទទួលយកការណែនាំ និងកែតម្រូវទៅតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងករណីទទួលយកមិនបានទេ គឺមិនអនុញ្ញាតឱ្យមានការតាំងនោះដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការតាំងជាការល្អ ដើម្បីផ្សព្វផ្សាយនូវប្បធម៌ ប៉ុន្តែបើការតាំងណាមួយខុសនឹងទម្រង់សិល្បៈខ្មែរ គឺវាស្មើនឹងបំផ្លាញនូវវប្បធម៌របស់ខ្មែរទៅវិញ។ ដូច្នេះមិនតាំង ល្អជាងតាំង។ អ៊ីចឹងសូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានម៉ត់ចត់ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «យើងមិនអាចខ្ជីខ្ជាបានទេ។ គ្រោះថ្នាក់ណាស់ នៅពេលជាតិសាសន៍របស់យើងមានអ្វីដែលជាចំណាំច្បាស់លាស់ ហើយបែរជាធ្វើឱ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ទេនោះ វាអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្លួនឯង ហើយវាក៏អាចប៉ះពាល់ដល់ប្រទេសដទៃ ដែលគេអាចចោទថាយើងលួចបន្លំរបស់គេ»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការប្រតិកម្មរបស់សម្តេចពាក់ព័ន្ធ ការស្លៀកពាក់ក្នុងភាពយន្តខ្មែរមួយកាលពីពេលកន្លងទៅផងដែរ។ សម្តេចតេជោ បានលើកឡើងថា តាមរយៈប្រតិកម្មទាំងនេះ គេអាចមើលឃើញពីការដឹកនាំរបស់សម្តេច គឺមិនធ្វេសប្រហែសធ្វើឱ្យបាត់បង់នូវប្រពៃណី និងច្បាប់ដើមនៃវប្បធម៌ជាតិសាសន៍របស់ខ្មែរនោះឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print