ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ប្រាប់រាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន ជាពិសេសសេវាកែសម្ផស្ស។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលក្រុមការងារ(កាសែតនគរវត្ត ឬនគរ ដ្រេហ្គន )ទទួលបានៗឱ្យដឹងថា ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈ សុខាភិបាល ក្រសួងសុខាភិបាល សូមធ្វើការណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យ ជាប្រចាំលើមន្ត្រីកំពុងបម្រើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវតែអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល និងក្រុមគណៈវិជ្ជាជីវៈសុខាភិបាល នឹងជួយបណ្តុះបណ្តាល តាមការចាំបាច់ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត អំពីការងារត្រួតពិនិត្យ តាមដាន អភិបាលកិច្ច ផ្នែកគ្លីនិក នៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាថាសេវាថែទាំសុខភាពដែលបានអនុញ្ញាត គឺបានអនុលោមទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដែលបានកំណត់៕ ដោយ ៖ ភារ៉ា ដង្កោ