តខ្សែភ្លើងឆក់ត្រីដេីម្បីផ្ញេីឱ្យអ្នកផ្ទះ​ តែអកុសលភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាមេជាងសំណង់​បានឆ្លៀតតខ្សែភ្លើងឆក់យកត្រីផ្ញេីប្រពន្ធនៅឯខេត្ត​ តែភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងស្លាប់បេីទោះបីប្រជាពលរដ្ឋនិងកម្មករសំណង់ដូចគ្នាព្យាយាមជួយសង្គ្រោះក៏មិនរួចផុតពីសេចក្ដីស្លាប់ដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​ និង០៥នាទីព្រឹក​ថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២៣​ ស្ថិតនៅចំណុចវាលស្រែ​ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ ណុប ជា អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិចក ឃុំចក ស្រុកទូកមាស ខេត្តកំពត។

​  បេីតាមប្រភពព័ត៌មានពីក្រុមកម្មករសំណង់ដូចគ្នាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាមេជាងបានប្រាប់ពួកគាត់ជាកម្មករថា​ ថ្ងៃនេះមេការប្រាប់ឱ្យឈប់សម្រាកពីការងារមួយថ្ងៃ​ ។ ពេលនោះជនរងគ្រោះនិយាយថា​ ខ្ញុំនឹងរកត្រីយកផ្ញេីប្រពន្ធកូនខ្ចីនៅឯខេត្តកំពត​ រួចជនរងគ្រោះក៏បានឆ្លៀតតខ្សែភ្លើងឆក់ត្រីនៅវាលស្រែជិតការដ្ឋានសំណង់​  ខណៈចុះឆក់ត្រីក្នុងវាលស្រែស្រាប់តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់អណ្ដែតទឹកវាលស្រែត្រូវបានក្រុមកម្មករឃើញក៏នាំគ្នាចុះទៅស្រង់យកមកលើគោករួចធ្វើការសង្គ្រោះជាបឋម​ ដោយមិនអស់ចិត្តក៏បានដឹកជនរងគ្រោះតាមម៉ូតូយកទៅគ្លីនិកឯកជនដើម្បីជួយសង្រ្គោះ​ តែពេទ្យឯកជនមិនទទួល​ ក៏សម្រេចដឹកមកមន្ទីរពេទ្យបង្អែកដង្កោ​ ពេលមកមន្ទីរពេទ្យគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

​     ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស​ សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌដង្កោ​បានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដោយប្រាប់ថា​ ជនរងគ្រោះបានស្លាប់បាត់ហេីយ​ ដោយសារតែតខ្សែភ្លេីងឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯង​។ ពេលដែលក្រុមគ្រួសារទទួលបានព័ត៌មាននេះក៏បានមកជួបសមត្ថកិច្ចនៅមន្ទីរពេទ្យបង្អែកដង្កោ​ ហើយបានប្រាប់សមត្ថកិច្ចថា ពួកគាត់មិនប្ដឹងផ្ដល់អីនោះទេ ដោយសុំយកសពជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើត​ នាខេត្តកំពត​ ។ 

​    បន្ទាប់មក​ សមត្ថិកិច្ចក៏យល់ព្រមតាមសំណូមពររបស់សាច់ញាតិ​ រួចធ្វេីកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារ​ និងហៅរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print