ខេត្តកំពង់ធំ៖ យោងតាមផេកផ្លូវការណ៍របស់ក្រសួងបរិស្ថានបានឲ្យថាដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧ដែលធ្វើឡើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះបណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធនានា បានត្រៀមរួចជាស្រេច ដើម្បីចូលរួមដាក់តាំងពិព័រណ៍បង្ហាញនូវវឌ្ឍនភាពការងារ សមិទ្ធផលការងារ និងផលិតផលតាមបណ្តាសហគមន៍ ជូនដល់សាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិ ទស្សនា។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានចូលរួមតាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន និងផលិតផលសហគមន៍ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយមូលនិធិបរិស្ថាននិងសង្គម និងគម្រោងសហប្រតិបត្តិការវាងក្រសួងបរិស្ថាន និងដៃគូសហការផងដែរ។
ពិធីបុណ្យទន្លេ លើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ ជាមួយគ្នានេះ ក៏នឹងមានសកម្មភាពសំខាន់ៗ ដូចជាការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផល ក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ រួមទាំងមានសកម្មភាពកីឡាដោយមាន ការចូលរួមពីសំណាក់ កីឡាករ–កីឡាការនីជាតិ និងអន្តរជាតិ ផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងទៅអនាគត» នឹងប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣៕ដោយ៖ចន្ទ លីហ្សា