ក្រោយពេលបានរៀបចំនិងដំឡើងប្រព័ន្ធស្តង់ដារសុវត្ថិភាពរួចរាល់ សេវាកម្មដឹកជញ្ជូនផ្លូវដែកនៅក្នុងប្រទេសក្រិចនឹងដំណើរការឡើងវិញនៅចុងខែមីនានេះ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក George Gerapetritis បាននិយាយថា ប្រទេសក្រិចអាចបន្តការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកឡើងវិញនៅចុងខែមីនាខាងមុខនេះ នៅពេលដែលប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពត្រូវបានដំឡើងរួចរាល់ បន្ទាប់ពីផ្អាកបណ្តាញផ្លូវរថភ្លើងដោយសារតែគ្រោះថ្នាក់សម្លាប់មនុស្សចំនួន ៥៧នាក់។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក ជឺរ៉ាផេទ្រីទីស បានធ្វើការសុំអភ័យទោសចំពោះហេតុការណ៍សោដនាដកម្មរថភ្លើងបុកគ្នាធ្លាក់ចេញពីផ្លូវ ដែលត្រូវបានចាត់ទុកថាជាករណ៍ដ៏សាហាវបំផុតក្នុងកំណត់ត្រារបស់ក្រិច ដោយគូសបញ្ជាក់ថា «គ្មានរថភ្លើងណាចេញដំណើរម្តងទៀតទេ ប្រសិនបើយើងមិនបានធានាសុវត្ថិភាពក្នុងកម្រិតអតិបរមាដែលអាចធ្វើបាន»។
លោក ជឺរ៉ាផេទ្រីទីស បានគូសបញ្ជាក់ថា «យើងប៉ាន់ប្រមាណថា ឆាប់ៗនេះប្រព័ន្ធផ្តល់សញ្ញា និងឃ្លាំមើលពីចម្ងាយនឹងដំណើរការពេញលេញ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងរថភ្លើងស្តង់ដារអឺរ៉ឺប ETCS។ ជាមួយគ្នានោះគ្រឿងបរិក្ខារត្រួតពិនិត្យល្បឿនរថភ្លើង និងហ្វ្រ័ងសង្គ្រោះបន្ទាន់ក៏ត្រូវដំឡើងផងដែរ។ ដូច្នេះមិនមានឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងទៀតកើតឡើងនោះទេ»។
ក្រោយពីមានគ្រោះថ្នាក់កើតឡើង កម្មករផ្លូវដែកក្នុងប្រទេសក្រិចបាននាំគ្នាធ្វើកូដកម្មរយៈពេល២៤ម៉ោង គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយស្តីបន្ទោសទៅលើការធ្វេសប្រហែស ការបណ្តាក់ទុនតិច និងបុគ្គលិកមិនគ្រប់គ្រាន់ ដែលនាំឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសុវត្ថិភាពផ្លូវដែកមានការខ្វះខាតអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕ ដោយធីរីណា
រូបថត : TTXVN-VNA