ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ផ្លូវ ៥០សេមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅកម្ពុជា​ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងនេះគឺ ២៥០លានដុល្លារអាមេរិក

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានថ្លែងឱ្យដឹងថា៖ ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក។

ការថ្លែងបែបនេះ​របស់​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងបទសម្ភាស កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោក អញ្ជើញចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖
«យើងខ្ញុំបានធ្វើលិខិតថ្មីៗនេះគោរពស្នើសុំសម្តេចតេជោ ធ្វើយ៉ាងណាស្នើសុំថវិកាពីមិត្តចិន របស់យើង ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០សេនេះ។ សម្តេចតេជោ បានចារឯកភាពយកជម្រើសនេះ»។

លោកទេសរដ្ឋមន្ត្រី​ បានគូសបញ្ជាក់​បន្ថែមថា​៖​ កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយ ក្នុងការសិក្សាគម្រោងស្ពាននេះ កុំឲ្យប៉ះពាល់បរិស្ថាន និងសង្គម បន្ទាប់មកក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន បានសិក្សាយ៉ាងលម្អិត។

សូមជម្រាបថា​ ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០១៩ ដើម្បីកសាងផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា​ ក្រោយសិក្សាលម្អិតពីស្ថាប័នជំនាញ មានទាំងក្រសួងបរិស្ថាន ព្រមទាំងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងនោះ, លិខិតគោរពស្នើសុំមួយ ត្រូវបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានឯកភាព។ លោកបន្តថា គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។

ដោយឡែក​ជុំវិញការ​សាងសង់​ផ្លូវ​នេះ​ដែរ​ បើតាមការបញ្ជាក់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ទីតាំងនេះត្រូវបានសិក្សាច្បាស់លាស់ហើយ គឺមិនមានផលប៉ះពាល់ ដល់មុខងារប្រព័ន្ធអេកូឡូស៉ីទន្លេសាបធ្ងន់ធ្ងរទេ។

ចំពោះទីតាំងធ្វើផ្លូវ ៥០សេ ស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា។ ផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ឯណោះ ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ។

ជាមួយគ្នានោះ​ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង បាននឹងកំពុងចាប់ផ្ដើមសាងសង់រយៈពេលជាងមួយខែមកហើយ កំពង់ផែទឹកសាបនេះ នៅចំកណ្ដាលប្រទេសកម្ពុជា ដែលនឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពល និងជំរុញដល់ការ ដឹកជញ្ជូនទំនិញ និងកសិផលក្នុងស្រុកទៅកាន់អន្តរជាតិ។

កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង បាននឹងកំពុងសាងសង់ឡើងលើផ្ទៃដីជាង ១០០ហិកតា នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កំពង់ផែនេះ នឹងជំរុញឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាកាន់តែមានប្រសិទ្ធិភាពខ្ពស់មួយកម្រិតទៀត ហើយក៏នឹងក្លាយជាច្រកសេដ្ឋកិច្ចមួយដ៏សំខាន់តភ្ជាប់ទឹក និងសមុទ្រ លើវិស័យដឹកជញ្ជូន តាមផ្លូវទឹក ពិសេសគឺនាំទំនិញ និងកសិផលក្នុងស្រុកពីតំបន់មួយទៅតំបន់មួយ និងឆ្ពោះទៅកាន់អន្តរជាតិ។

...

សូមជម្រាបថា កំពង់ផែពហុបំណងនេះនឹងសាង់សង់នូវកំពង់ផែដឹកជញ្ជូនទំនិញ ដោយប្រមូលផលកសិកម្ម កសិឧស្សាហកម្មចំរុះពីតំបន់ផ្សេងៗចែកចាយបន្តក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ បង្កើតមណ្ឌលសន្និធិប្រេង ដែលមានពោងស្តុកប្រេងដើម្បីចែកចាយក្នុងប្រទេស បង្កើត រមណីយដ្ឋាន ធម្មជាតិ និងលំនៅឋានទំនើប និងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕ ដោយ៖ស​ហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print