ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងនៅក្នុងសិក្ខាសាលាណែនាំ ស្តីពីការរៀបចំធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ យ៉ាងដូច្នេះថា៖ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ ដើម្បីធ្វើឱ្យកម្ពុជាចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបញ្ជាក់ទៀតថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ គឺជាការងារចាំបាច់ និងមានសារសំខាន់ណាស់ ព្រោះថានឹងជាឧបករណ៍ដ៏សំខាន់តែមួយគត់ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងជាផែនការសម្រាប់អនុវត្តធ្វើឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ផែនការនេះ នឹងរួមចំណែកធ្វើឲ្យសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីភាពសាកល និងជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្ត ដើម្បីនាំកម្ពុជាចាកចេញពីប្រទេស ដែលមានការអភិឌ្ឍតិចតួច ហើយបណ្ដាកម្មវិធី និងអនុសញ្ញារបស់អង្គការសហប្រជាជាតិដែលកម្ពុជា បានផ្ដល់សច្ចាប័ន ក៏ត្រូវបញ្ជ្រាបចូលផងដែរ ទៅក្នុងផែនការជាតិនេះ ។
ជាមួយគ្នានោះ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ បានបញ្ជាក់ដែរថា បន្ទាប់ពីបានរៀបចំសេចក្តីគោលណែនាំរួចរាល់ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ក្រសួង បានជួបជាមួយ UNDP តំណាងឱ្យដៃគូផ្សេងៗទៀត នាពេលនេះ ជួយពិនិត្យមើលសេច ក្តីណែនាំនេះ ហើយនឹងមានការកែសម្រួលរៀបចំជាសេចក្តីព្រាងចុងក្រោយ សម្រាប់ចែកជូនទៅក្រសួង ស្ថាប័ននានា ។
គួរបញ្ជាក់ថា សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ UNDP បានជួយ ផ្ដល់នូវការគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ៕ ដោយ៖សហការី