ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ផែនការក្របខ័ណ្ឌ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង-ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងនាយករដ្ឋបាលសាលារាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក ខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាចស្នើសុំកិច្ចសហការគាំទ្រពីក្រសួងមហាផ្ទៃ លើការងាររៀបចំកិច្ចដំណើរការប្រឡងទាំងមូលរបស់ខ្លួន ឬលើដំណាក់កាលណាមួយដែលខ្លួនពុំទាន់មានបទពិសោធន៍ ក្នុងការរៀបចំនៅឡើយ ដោយត្រូវធ្វើលិខិតស្នើសុំកិច្ចសហការគាំទ្រជាលាយលក្ខណ៍អក្សរ ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យរៀបចំ។

លោក អគ្គនាយក បានបន្ដថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ពីក្នុងចំណោមសិស្ស-និស្សិត ព្រមទាំងត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ បេក្ខជនដែលមានពិការភាព បេក្ខជនជាស្ត្រី និងបេក្ខជន ដែលមានទីលំនៅក្នុងភូមិសាស្ត្រថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការប្រឡង។

ទន្ទឹមនេះ លោក អគ្គនាយក ក៏បានលើកឡើងទៀតថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡង ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព យុត្តិធម៌ សមធម៌ គុណសម្បត្តិសាកសម ជំនឿទុកចិត្ត និងអនុលោមបទប្បញ្ញត្តិជាធរមាន និងត្រូវមានផែនការ សកម្មភាពការងារច្បាស់លាស់ ដើម្បីធានាថាអាចបញ្ចប់ដំណើរការប្រឡង និងអាចប្រកាសលទ្ធផលប្រឡងជាប់ជាស្ថាពរ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ តាមគោលការណ៍កំណត់របស់ក្រសួងមុខងារសាធារណៈ។

ឆ្លៀតឱកាសនោះដែរ លោក អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីការរៀបចំដំណើរការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ផែនការឆ្នាំ២០២៣ ថា ក្របខ័ណ្ឌថ្មីនេះមានចំនួន ២៦០កន្លែង រួមមាន ៖ មន្ដ្រីពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី៤) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់អង្គភាពនានា នៅទីស្ដីការក្រសួងមហាផ្ទៃ) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ដែលមានតម្រូវការមន្ដ្រី) ចំនួន ១២៩នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់ក្រុង-ស្រុក ទើបបង្កើតថ្មីទាំង៥) ចំនួន ៥១នាក់។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមលក់ពាក្យប្រឡង និងទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ហើយកាលបរិច្ឆេទនៃការប្រឡង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print