ខេត្តមណ្ឌលគិរី៖ របររកស៊ីបើកប្រាក់ទ័ររុញដើមឈើផ្ដួលរំលំបាននឹងកំពុងកើតមានជាទូទៅនៅតាមតំបន់នានាក្នុងខេត្តមណ្ឌលគិរី,រតនគិរីក៏ដូចជាខេត្តមួយចំនួនទៀត។ គេបើកត្រាក់ទ័ររុញផ្ដួលដើមឈើដើម្បីវាតយកដីធ្វើចំការ។ ករណីនេះក៏មានផងដែរទៅលើដីព្រៃស្រប ច្បាប់របស់រដ្ឋដែលពួកឈ្មួញខិលខូចឃុបឃិតជាមួយអាជ្ញាធរ។
បុរសម្នាក់រងរបួសធ្ងន់ដោយសារមែកឈើធ្លាក់លើ ក្រោយពីគាត់បើកត្រាក់ទ័ររុញដើមឈើដែលដុះតាមក្បាលស្រែនៅតាមតំបន់ជាប់របៀងបរិស្ថាន ។ ហេតុ ការណ៍គ្រោះថ្នាក់នេះបាននៅរសៀលថ្ងៃទី ១០ ខែ មីនាឆ្នាំ ២០២៣ ។
សមត្ថកិច្ចស្រុកកោះញែកឱ្យដឹងថា មានករណីបើកត្រាក់ទ័ររានដីក្បាលស្រែបុកដើមឈើបណ្ដាលឲ្យបាក់មែកឈើសង្កត់ត្រូវដំបូលត្រាក់ទ័រសង្កត់ចំពីលើ តៃកុងត្រាក់ទ័របណ្ដាលឲ្យរងរបួសចំក្បាល និងឆ្អឹងខ្នង បានកើតហេតុឡើងនៅចំណុចវាលស្រែយួន ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ ជនរងគ្រោះឈ្មោះ ឈឿន ប្រាន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានរងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី៕ ដោយ៖ សូរិយា