ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស ស.ស.ក) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា, ការរៀនសូត្រ គឺល្អណាស់ ទោះបីការរៀនសូត្រនោះនៅតាមសាលារៀនក្តី តាមការស្តាប់គំនិតយោបល់អ្នកចេះដឹងក្តី តាមការរៀនសង្កេតចំណុចល្អៗពីសង្គមក្តី តាមរយៈការស្តាប់គតិល្អៗពីប្រភពត្រឹមត្រូវនានាក្តី គឺសុទ្ធតែល្អ និងមានប្រយោជន៍ ដែលជួយបង្កើនគំនិតប្រាជ្ញាពីរបៀបគិត របៀបគ្រប់គ្រង របៀបដោះស្រាយ និងរបៀបចាត់ចែងដំណើរជីវិត។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា, ចំណេះដឹង អាចជួយកែនូវដំណើរធម្មជាតិអវិជ្ជមានក្នុងបុគ្គលម្នាក់ៗ។ បុគ្គលម្នាក់ៗ ដែលអាចរៀបចំជីវិតខ្លួនឯង ឱ្យធ្វើដំណើរបានល្អ គឺសង្គមគ្រួសារ និងសង្គមជាតិល្អហើយ។ ជីវិតរុងរឿង គឺដោយសារចំណេះ បញ្ញា។ ហើយការធ្វើប្រហែស លើការបង្កើនវិជ្ជា គឺជាការខុសឆ្គងដ៏ធំ។
– បើខ្វះវិជ្ជា ៖ គឺខ្វះភាពគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យសមត្ថភាពគិត មិនបានទូលំទូលាយ។ ខ្វះវិជ្ជា គឺបង្កើតភាពចង្អៀតចង្អល់ មានៈ ហើយស្តាប់តិច។ ដូច្នេះ បើគិតមិនទូលាយ មិនល្អិតល្អន់ ខ្វះទស្សនៈវិស័យ និងវិទ្យាសាស្ត្រ លុះដល់តែអនុវត្ត គឺច្បាស់ជាមានចំណុចភ្លាំងភ្លាត់ ខុសឆ្គង។ ភ្លាត់តូច នៅកែបាន។ តែភ្លាត់ខ្លះ គឺរលត់រលាយ រត់ចោលស្រុក។
– បើខ្វះវិជ្ជា ៖ គឺធ្វើឱ្យសមត្ថភាពគំនិតប្រាជ្ញាទាប។ ផ្ទុយទៅវិញ បែរជា អារម្មណ៍ ភាពរវើរវាយ កំហឹង ក្រោធ មានខ្ពស់ ហើយបើផ្នែកទាំងនេះឡើងខ្ពស់ នោះចំណុចខ្លះនាំទៅវិនាសអន្តរាយ។
– បើខ្វះវិជ្ជា ៖ គឺធ្វើឱ្យមនុស្សមិនចេះ ក្រែង, មិនចេះប៉ាន់ប្រមាណ, មិនចេះគណនា ដែលជាដើមចមនៃ «សេចក្តី ក្រ ច្រើនយ៉ាង» ហើយ ក្រ រហូតមិនអាចយល់បានសូម្បីខ្លួនឯងជានរណា ហើយទៅជាអ្វី!
«សុភមង្គល កើតក្នុងវិជ្ជាប្រាជ្ញា!
សុភមង្គល មិនកើតក្នុងអវិជ្ជានោះទេ!» ៕
ដោយ : សិលា