ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅតែមិនព្រមចូលខ្លួនឆ្លើយបំភ្លឺ ខណៈជាប់ចោទពីបទបដិសេធក្នុងការចូលខ្លួន ពុំបានបង្ហាញខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញតាមការកំណត់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងករណីនេះដើម្បីបន្តនីតិវិធី តុលាការអាចនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនលោក កឹម សុខា ដោយប្រើប្រាស់កងកម្លាំងសាធារណៈ។
គួររំលឹកថា រឿងរ៉ាវបុគ្គលលោក កឹម សុខា បានប្រើប្រាស់សកម្មជន អ្នកគាំទ្រ ព្រះសង្ឃផងដែរ មកចូលរួមការពារលោក កឹម សុខា ប្រសិនបើមានការនាំខ្លួន និងធ្វើឲ្យបញ្ហាផ្ទៃក្នុងបក្សអាចច្របូកច្របល់ បន្ទាប់ពីរឿងបុគ្គលក្នុងជីវិតស្នេហាឯកជនយកមកលាយឡំទៅជារឿងនយោបាយធ្វើឲ្យប្រជាប្រិយភាពការគាំទ្រត្រូវបានធ្លាក់ចុះនោះ។ តាមរយៈកេណប្រមូលអ្នកគាំទ្រប្រមូលផ្តុំគ្នានៅមុខស្នាក់ការបក្ស គឺបង្កផលប៉ះពាល់បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវសាធារណៈ ក្នុងនោះលោក កែវ ពេជ្រមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីម្សិលមិញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០១៦ បានចេញលិខិតជម្រាបជូនលោក សម រង្ស៊ី ត្រូវប្រើកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅមុខស្នាក់ការផងឲ្យបានត្រឹមត្រូវ ប៉ុន្តែមកទល់និងថ្ងៃនេះករណីខ្វះសណ្តាប់ធ្នាប់បន្តកើតមានដដែល៕
ដោយ៖ សុខ ខេមរា