ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣នេះធ្លាក់ចុះបន្តិចបន្តួច បើប្រៀប ធៀបនឹងឆ្នាំមុន។ ទំនិញសំខាន់ៗមានដូចជា ផ្លែឈើនិងអង្ករជាដើមនៅតែបន្តនាំចេញទៅកាន់ប្រទេសចិនដើម្បីបំពេញសេចក្តីត្រូវការ។ យ៉ាងណាក៏ដោយវិនិ យោគទុនចិនជាច្រើនកំពុងសម្លឹងមើលការបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបន្ត បង្ហាញថា ក្នុងរយៈពេលខែមករា ដល់ខែកុម្ភៈ ទំហំនៃការនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផលកម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។
លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិនកាន់តែច្រើន ។
លោករដ្ឋលេខាធិការបន្តថា កិច្ចព្រមព្រៀង FTA និង RCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញផលិតនៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពីប្រទេសចិនចូលមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាផងដែរ។
កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត គ្រប់ជំនាន់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេងយល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលចិន បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិត ផលកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជារំពឹងថា អ្នកវិនិ យោគចិននិងមកវណ្ណៈទន់រកស៊ីនៅកម្ពុជា បន្ថែមទៀតនៅពេលខាងមុខនេះពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីគ្រប់ទិសទីនៃប្រទេសចិន។
ឧកញ៉ា លឹម ហេង ថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕ដោយ៖ សូរិយា