និយតកររដ្ឋបានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 12 ខែមីនា) ត្រឹមតែពីរថ្ងៃបន្ទាប់ពីអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានបិទធនាគារ Silicon Valley ដែលធ្វើឲ្យទីផ្សារពិភពលោកភ្ញាក់ផ្អើល ដោយខ្លាចថាបញ្ញើរាប់ពាន់លានដុល្លាររបស់វិនិយោគគិននិងក្រុមហ៊ុនជាប់គាំង។
ប៉ុន្តែក្រសួងរតនាគារសហរដ្ឋអាមេរិក និងនិយតករធនាគារផ្សេងទៀតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យថា អ្នកដាក់ប្រាក់បញ្ញើទាំងអស់របស់ធនាគារ Signature Bank នឹងអាចដកប្រាក់ដោយគ្មានការខាតបង់ណាមួយនឹងកើតឡើងនោះទេ។
ការបិទធនាគារ Signature Bankគឺជាបរាជ័យធំលំដាប់ទី៣នៅក្នុងប្រវិត្តិសាស្រ្តសហរដ្ឋអាមេរិក។
និយតករធនាគារនៅទីក្រុងញូវយ៉កបានតែងតាំងសហព័ន្ធសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើ (FDIC) ជាអ្នកទទួលចាត់ចែងទ្រព្យសម្បត្តិរបស់ធនាគារនៅពេលក្រោយ។ ធនាគារ Signature Bank បានឲ្យដឹងថាសមតុល្យប្រាក់បញ្ញើសរុបរបស់ខ្លួនមានចំនួន 89.17 ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 8 ខែមីនា។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ពួកគេមានទ្រព្យសម្បត្តិប្រហែល 110.36 ពាន់លានដុល្លារអាមេរិក នេះបើយោងតាមនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុរបស់រដ្ឋញូវយ៉ក។
FDIC កាលពីថ្ងៃអាទិត្យបានបង្កើតធនាគារស្នងតំណែង របស់ធនាគារ Signature Bank ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចចូលប្រើប្រាស់មូលនិធិរបស់ពួកគេនៅថ្ងៃច័ន្ទ។ FDIC បាននិយាយថា អ្នកដាក់ប្រាក់ និងអ្នកខ្ចីរបស់ Signature Bank នឹងក្លាយជាអតិថិជនរបស់ធនាគារស្នងតំណែងមួយនេះដោយដោយស្វ័យប្រវត្តិ។
កាលពីថ្ងៃសុក្រសប្តាហ៏មុន ធនាគារ Silicon Valley Bank (SVB) ដែលជាធនាគារធំលំដាប់ទី១៦របស់សហរដ្ឋអាមេរិកក៏បានបិទទ្វារបស់ខ្លួនដែលនាំឲ្យវាក្លាយទៅបរាជ័យធំលំដាប់ទី២នៅក្នុងប្រវិត្តិសាស្រ្តសហរដ្ឋអាមេរិក បន្ទាប់ធនាគារ Washington Mutualដែលធ្លាប់បានបរាជ័យធំជាងគាបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកក្នុងឆ្នាំ២០០៨។
ភារៈ(ប្រភពchannelnewsasia)