ក្រោយពេលចិនផ្លាស់ប្តូរសមាសភាពមេដឹកនាំមួយចំនួននៅក្នុងរដ្ឋាភិបាលថ្មី នៅថ្ងៃទី១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជនទីក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសទៀតផង ។
លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបានធ្វើឡើងកាលពីខែតុលាឆ្នាំ២០២២ បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ និងរយៈពេលយូរជាងនេះ។ បញ្ហាសំខាន់ដែលយើងគ្រប់គ្នាយកចិត្តទុកដាក់ អាចស្វែងរកចម្លើយយ៉ាងច្បាស់លាស់ពីក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។
ការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី គឺអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្ត និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យផែនការមេរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ក្លាយជាផែនការអនុវត្តជាក់ស្តែង ហើយរួមជាមួយប្រជាជនទូទាំងប្រទេសធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យផែនការមេក្លាយជាការណ៍ពិតជាក់ស្តែងដ៏ល្អបវរ ។
នៅក្នុងការងារនាពេលអនាគត យើងនឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួន ៖ ទី១ គឺត្រូវបង្កើតនិងប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ ដែលតម្កល់ប្រជាជនជាអាទិភាព ។ ទី២ គឺប្រមូលផ្តុំកម្លាំងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទី៣ គឺប្រកាន់ខ្ជាប់ដោយមិនងាករេនូវការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកចំហ ៕ ដោយធីរីណា
រូបថត : AFP
រូបថត : TTXVN