ខេត្តកណ្ដាល៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកអំពិលឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវ:។
ករណីខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកក្របៅទី៣ ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុីម រត្ឋ័ ហៅលូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃំុ កើតហេតុ និងជនរងគ្រោះមានឈ្មោះ សោម អ៊ន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃំុកេីតហេតុ។
ប្រភពបន្តថា ជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន៤នាក់ តែពេលកើតហេតុដេកជាមួយកូន ២នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ។ នៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះបានចូលដេកក្នុងផ្ទះជាមួយកូន ហើយក៏បានបិទទ្វារផ្ទះត្រឹមត្រូវ។ លុះដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្រាប់តែជនសង្ស័យឈ្មោះ អុីម រត្ឋ័ ដែលផ្ទះនៅជាប់គ្នាបានលបលួចចូលតាមជញ្ជាំងផ្ទះជនរងគ្រោះរួចចូលទៅស្ទាបលេីក្បាលពោះជនរងគ្រោះ ភ្លាមនោះជនរងគ្រោះដឹងខ្លួនក៏ស្រែកឆោឡោហៅពូរបស់ខ្លួនឈ្មោះ តឹក ថា ពូលូចូលផ្ទះខ្ញុំហើយ ។ ពេលនោះជនសង្ស័យឈ្មោះ អុីម រត្ឋ័ បានរត់គេចខ្លួនចុះមកដីបាត់ ។
ក្រោយកើតហេតុជនល្មើសធ្វើជាមកសួរនាំ មានរឿងអី ជនរងគ្រោះប្រាប់បងប្អូនឲ្យជួយឃាត់ឈ្មោះ អីុម រត្ឋ័ ហើយរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ព្រែកអំពិល កម្លាំងប៉ុស្តិ៍បាននាំខ្លួនមកសាកសួររួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ ជឺតុងឡេង