ខេត្តតាកែវ៖ មានករណីប្រជាពលរដ្ឋជិះម៉ូតូយកទៅបញ្ឈរចោលនៅមុខតូបនោះដុំមួយផ្នែកត្រូវចោរលួចជិះចេញទៅហើយត្រូវបានប្រជាពលរដ្ឋសរសេរបង្ហោះថាជាករណីចោរប្លន់។ ប៉ុន្តែបើតាមការស្រាវជ្រាវគឺជាករណីចោរលួចនៅពេលដែលម្ចាស់ម៉ូតូមានការធ្វសប្រហែស។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩និង ៣០នាទី នៅចំណុចមុខតូបលក់ដូរមួយកន្លែងលើផ្លូវលំក្នុងភូមិទួលការ ឃុំជាងទង មានជនសង្ស័យចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណពាក់អាវធំពីក្រៅពាក់មួកសុវត្ថិភាពជិះម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ពាក់ផ្លាកលេខ ភ្នំពេញ ១GQ-៧២៤៣ (កាំបន្ទះពណ៌ស) បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក C.១២៥ ព័ណខ្មៅស៊េរី ២០១៩ពាក់ផ្លាកលេខ តាកែវ ១S-០៣៩៣ ជារបស់ជនរងគ្រោះឈ្មោះជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលជនរងគ្រោះរូបនេះជិះម៉ូតូខាងលើ មកបញ្ឈរទុកនៅចំណុចមុខតូបលក់ខាងលើ ហើយចូលទិញអីវ៉ាន់ដោយពុំបានដកសោរ ពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ ក៏បានស្រែកឆោឡោឱ្យបងប្អូនប្រជាពលរដ្ឋនៅជិតនោះ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដែលល្បាតតាមដងផ្លូវឲ្យជួយធ្វើអន្តរាគមន៍។
ពេលនោះកម្លាំងប៉ុស្តិ៍រួមសហការជាមួយប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូ បាននាំគ្នាដេញតាមលុះមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិមឿងចារ្យ ជនសង្ស័យទាំង ០២នាក់ បានផ្ដួលម៉ូតូរបស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះទុកចោលក្នុងមាត់ស្ទឹងស្លាគូ រួចពួកវារត់ឆ្លងស្ទឹងចូលទៅទឹកដីខេត្តកំពង់ស្ពឺបាត់ទៅ។
បញ្ជាក់៖ ចំពោះម៉ូតូជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញរួចហើយឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕