ខេត្តកំពត៖ អ្នកភូមិដែលជាប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ ដែលមានលំនៅដ្ឋានសព្វថ្ងៃនៅជ្រុងខាងកើត និងខាងត្បូងជាប់ដីវត្ត បាននាំគ្នាផ្ទុះការតវ៉ាចំពោះការធ្វើរបងបិទផ្លូវពួកគាត់ពីសំណាក់គណៈកម្មការវត្ត និងព្រះ គ្រូចៅអធិការវត្តកំពតចាស់ ដែលបានធ្វើរបងបិទផ្លូវពួកគាត់ធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋខាងលើបញ្ជាក់ថា ពួកគាត់បានធ្វើដំណើរឆ្លងកាត់ក្នុងបរិវេណវត្តតាំងពីក្រោយឆ្នាំ១៩៧៩ រហូត មកដល់សព្វថ្ងៃ។ លុះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ឃើញជាងសំណង់កំពុងសាងសង់របងថ្មក្នុងបំណងបិទ ផ្លូវមិនឲ្យពួកគាត់ឆ្លងកាត់ចេញចូលដូចមុន ទើបពួក គាត់កើតទុក្ខមិនសុខចិត្ត និងស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយអន្តរាគមន៍ជាមួយអាចារ្យ គណៈកម្មការ ព្រមទាំងព្រះចៅអធិការវត្ត អំពីការសាងសង់របងបិទផ្លូវដែលពួកគាត់ឆ្លងកាត់ចេញចូលដូចសព្វដងនោះ។
ក្រោយមកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានចុះទៅសម្របសម្រួលដល់ទីតាំងវិវាទផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាមួយអាចារ្យគណៈកម្មការ ព្រមទាំងព្រះសង្ឃដែលគង់ក្នុងវត្តកំពត។ លុះនៅព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៣ លោក ម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពត និងក្រុមការងារបានចុះទៅសម្របសម្រួលបញ្ចប់វិវាទ រវាងប្រជាពលរដ្ឋ និងព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ដោយភាគីព្រះ ចៅអធិការអាចារ្យគណៈកម្មាធិការវត្ត បានយល់ព្រមទុកផ្លូវឲ្យប្រជាពលរដ្ឋ១៣គ្រួសារ ធ្វើដំណើរឆ្លងកាត់ធម្មតាដូចសព្វដង។ រីឯប្រជាពលរដ្ឋទាំង ១៣គ្រួសារ បានព្រមព្រៀងគ្នាទទួលយកផ្លូវដែលព្រះចៅអធិការវត្តកំពតទុកឲ្យប្រើប្រាស់ទៅថ្ងៃអនាគត និងបានផ្ដិតមេដៃ នៅ ចំពោះមុខអាជ្ញាធរទាំងអស់គ្នា។
គួរបញ្ជាក់ឲ្យដឹងថា បើតាមប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បាននិយាយថា កន្លងមកពួក គាត់មានការកោតសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ចំពោះអាចារ្យ គណៈកម្មការ ពិសេសព្រះគ្រូ ចៅអធិការវត្តកំពតចាស់ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណវត្ត ដែលបន្សល់ទុកពីព្រះចៅអធិការវត្តមុនៗ ឲ្យមានសោភ័ណភាពស្រស់ស្អាត ដើម្បីឆ្ពោះទៅរកភាពស្មើរមុខស្មើរមាត់នៃទីវត្តអារាមនានាក្នុងខេត្តកំពត៕