លោក Ben Harris ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី 14 ខែមីនាថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍកងនាវាដើម្បីដឹកជញ្ជូនប្រេងនៅជុំវិញពិភពលោក។
ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Ben Harris បាននិយាយថា “រុស្ស៊ីកំពុងព្យាយាមបង្កើតកងនាវាដឹកជញ្ជូន«ខ្មោច»គេចពីទណ្ឌកម្មរបស់លោកខាងលិចហើយ។ វាត្រូវការនាវាជាច្រើនដើម្បីដឹកជញ្ជូន ៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយរុស្ស៊ីនៅតែមិនអាចគ្រប់គ្រងអ្វីៗទាំងអស់នេះបានទេ” ។
ឧបការីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Ben Harris បានពណ៌នាគម្រោងរបស់រុស្ស៊ីថាជា “កងនាវាខ្មោច” ដោយសារតែទំហំមិនជាក់លាក់របស់វា។
យោងតាមជំនួយការ Ben Harris នាយកដ្ឋានរតនាគារមិនបានឃើញភស្តុតាងនៃប្រទេសរុស្ស៊ីគេចពីពិតានតម្លៃប្រេងដែលកំណត់ដោយ G7 សហភាពអឺរ៉ុប (EU) និងអូស្ត្រាលីទេ។
ការរីកចម្រើននៃកងនាវារុស្ស៊ីកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសដៃគូផ្សេងទៀតបានដាក់កម្រិតតម្លៃលើផលិតផលប្រេងរបស់រុស្ស៊ីក្នុងការប៉ុនប៉ងកាត់បន្ថយប្រាក់ចំណូលរបស់ប្រទេសចំពេលមានជម្លោះនៅអ៊ុយក្រែន។
ដូច្នោះហើយទើបនៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2022 ការដាក់ទណ្ឌកម្មរបស់ EU លើការផ្គត់ផ្គង់ប្រេងនៅឯនាយសមុទ្រពីប្រទេសរុស្ស៊ីបានចូលជាធរមាន។ G7 EU និងអូស្ត្រាលីក៏បានកំណត់តម្លៃពិតានសម្រាប់ប្រេងដែលរុស្ស៊ីផ្គត់ផ្គង់តាមសមុទ្រនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមនឹងនេះ ការរឹតបន្តឹងស្រដៀងគ្នាលើការផ្គត់ផ្គង់ផលិតផលប្រេងពីប្រទេសរុស្ស៊ីក៏បានចូលជាធរមានចាប់ពីថ្ងៃទី 5 ខែកុម្ភៈ។ តម្លៃពិតានត្រូវបានអនុវត្តនៅ 100 ដុល្លារ/ធុង និង 45 ដុល្លារ/ធុង អាស្រ័យលើប្រភេទផលិតផលប្រេង។
ថ្មីៗនេះឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយថា ប្រទេសនេះបានចាប់ផ្តើមកាត់បន្ថយការផលិតប្រេងចំនួន 500,000 បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែមីនា។ លោកបាននិយាយថា នេះគឺជាការសម្រេចចិត្តដោយស្ម័គ្រចិត្តរបស់រុស្ស៊ីក្នុងការកាត់បន្ថយការផលិត ដោយមិនពិគ្រោះជាមួយបណ្តាប្រទេស EU អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូ(OPEC+)ទេ៕ ដោយធីរីណា
រូបថត : Reuters