ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។
បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព នឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព។ ជាពិសេសនឹង បង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស។
រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ថាក្នុងឆ្នាំ២០២២ ក្រសួង ស្ថាប័នរដ្ឋចំនួន៣៧ និងវិស័យឯកជន ចំនួន ២៩១ បានផ្ដល់អាទិភាពក្នុង ការជ្រើសរើសឱ្យជនមានពិការភាពចូលបម្រើការងារ។
រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច លោក វង សូត លើកឡើងបែបនេះក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងមានការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
លោក វង សូត បានឱ្យដឹងថាក្នុងឆ្នាំ២០២២ ជនមានពិការភាពចំនួន ៣ ៧៤៨នាក់ ត្រូវបានត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧។ ចំណែកឯជនមានពិការភាពចំនួន ៥ ៨៣៩នាក់ ក៏ត្រូវបានវិស័យកឯកជនចំនួន២៩១ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការផងដែរ។
លោកបានបន្ថែមឱ្យដឹងទៀតថា ក្រសួងសង្គមកិច្ច ក៏បានបើកផ្ដល់បណ្ណសង្គមកិច្ច និងថវិកា របបឧបត្ថម្ភគោលនយោបាយដល់ជនមានពិការភាពក្រីកសរុបចំនួន ១៩ ៣៧៤នាក់ និងចំនួន ១៦ ៤៨៩នាក់ទៀត កំពុងរៀបចំបើករបបគោលនយោបាយនេះ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះបានគូសបញ្ជាក់ថា ជនមានពិការភាពបានចូលរួមដោយស្មើភាពក្នុងវិស័យនយោបាយ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ គណៈកម្មការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់ បានចុះឈ្មោះជនមានពិការភាពចំនួនជាង ១២ម៉ឺននាក់ ចូលរួមបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត និងជនមានពិការភាពជាច្រើនត្រូវបានអញ្ជើញឱ្យធ្វើជាអ្នកសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតនាពេលខាងមុខនេះផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើ ជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើនពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ៕
ដោយ : សិលា