ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនជនសង្ស័យចំនួន ៦០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ៣៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៣ករណី។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕ដោយ៖សហការី