ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» បង្កើតមោទកភាព និងចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតភាពយន្តខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ត្រូវបានសម្ពោធជាផ្លូវការ ហើយកាលពីរាត្រីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ នៅរោងភាពយន្តមេជរ ស៊ីណេផ្លិច ផ្សារទំនើបAOEN 1 ។ ភាពយន្តនេះនឹងក្លាយជាភាពយន្តដែលបង្កើតបាននូវបង្កើតមោទកភាព និងចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។

កម្មវិធីនេះ មានការចូលរួមពីសំណាក់លោក  ចាន់ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោ, លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, លោក តឹក ង៉ូយ ,សាស្ត្រាចារ្យក្រមាមាស គុនល្បុក្កតោ សាន គីមស៊ាន តារាក្បាច់គុនខ្មែរ កញ្ញា ពេជ្រ ចរណៃ សិស្សគុនល្បុក្កតោពី ក្លឹបនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក៏ដូចជាតំណាងបណ្តាញព័ត៌មានផ្សេងៗ ជាងរាប់រយនាក់។ ក្រៅពីពិធីបើក សម្ពោធ កម្មវិធីក៏មានបន្ថែមការសម្តែងផ្ទាល់ ពីក្រុមល្បុក្កតោ ដោយរំលេចគុន៣សំខាន់ៗ ដែលធ្វើឱ្យ ទស្សនិកជនភ្ញាក់ ផ្អើលនឹកស្មានមិនដល់ និងកោតសសើរដល់គំនិតផ្តួចផ្តើមរបស់លោកគ្រូតា ក្នុងការចងក្រងស្នាដៃថ្មីនេះ បន្ទាប់ ពីលោកគ្រូរួមចំណែកនាំគុនល្បុក្កតោឱ្យពិភពលោក ទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោកថ្មីៗនេះ។ 

លោក ចាន់ សារុន មានប្រសាសន៍ថា៖ «ខ្ញុំមានការស្ញប់ស្ញែងចំពោះវីរភាពរបស់លោកគ្រូ សាន គឹមស៊ាន តាំងពីដើមរៀងមក។ លើកនេះគាត់ បានបញ្ចេញស្នាដៃមួយទៀត ក្នុងនាមជាអ្នកដឹកនាំរឿង ជាតួសម្តែងផង ដែលធ្វើឱ្យខ្ញុំកាន់តែស្ញប់ស្ញែង ចំពោះពលីកម្ម របស់លោគ្រូ ចំពោះគុនខ្មែរយើង។ ដូច្នេះ ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនរួមជាតិ ចូលរួមទស្សនាភាពយន្តថ្មីនេះ ដើម្បីលើកតម្លៃវប្បធម៌ខ្មែរផង និងគាំទ្រផលិតកម្មក្នុងស្រុកផង»។

ក្នុងឱកាសនេះលោកគ្រូតា សាន គឹមស៊ានបញ្ចេញចំណាប់អារម្មណ៍ថា៖ «ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីល្បុក្កតោ និងស្មារតីជាតិ។ ទោះបីភាពយន្តនេះខាត ឬចំណេញ អ្នកដែលនៅតែចំណេញ គឺជាតិយើង ព្រោះយើងបានចូលរួមផ្សព្វផ្សាយ គុនល្បុក្កតោ តាមរយៈភាពយន្ត ឱ្យអន្តរជាតិបានស្គាល់! ដូច្នេះ «ព្រលឹងល្បុក្តតា» ប្រៀបដូចជាការឧទ្ទិសដល់គុណ ដូនតាយើង និងជាសារដាស់តឿនយុវជនជំនាន់ក្រោយឱ្យហាត់រៀន និងថែរក្សាគុនខ្មែរនេះឱ្យបន្តគ្រប់ជំនាន់»។  

កញ្ញា ខន សៀវហ័រ ជានិស្សិត បានលើកសសើរថា៖ «រឿងនេះ មានចំណុចពិសេស២ដែលខ្ញុំ ពេញចិត្ត គឺការសម្តែងស្តែងៗពីអ្នកហាត់គុនល្បុក្កតោ និងប្លង់ថតស្អាតៗច្រើន។ ហើយខ្ញុំសូមជំរុញ ដល់ទស្សនិកជន ទាំង អស់ឱ្យទស្សនារឿងនេះ ដើម្បីស្វែងយល់ និងចូលរួមថែរក្សាគុនល្បុក្កតោនេះ»។ 

គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» នឹងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី១៦ ខែមីនា នេះតទៅ។ លើសពីនេះ ឮថា លោកគ្រូតា នឹងនាំក្រុមល្បុក្កតោទៅសម្តែងផ្ទាល់ នៅតាមរោងភាពយន្ត នានា នៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងនោះ ដោយដាក់ឈ្មោះយុទ្ធនាការនោះថា៖ «តស់ ហាត់ល្បុក្កតោ នៅរោងកុន» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ ដូច្នេះហើយបានទស្សនិកថា រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្តផង ជាចលនាវប្បធម៌ជាតិផង។ រឿង «ព្រលឹងល្បុក្កតោ»និយាយអំពីនៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print