ខេត្តសៀមរាប៖ គ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចក្រុមទី២ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដាលឲ្យផ្ទះ២ខ្នង រងការខូចខាតទាំងស្រុង និងបាត់បង់ ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ ដែលករណីនេះសមត្ថកិច្ចសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង។
លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថា ករណីអគ្គិភ័នេះ ម្ចាស់ផ្ទះទី១-ឈ្មោះ កាន គឹមជួន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមើលក្មេងនៅព្រះវិហារគ្រឹស្ត មានទីលំនៅកន្លែងកើតហេតុខាងលើ។ ផ្ទះទំហំ ៤ម៉ែត្រគុណ ៤ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីខូចខាតទាំងស្រុង។ បាត់បង់ប្រាក់រៀលចំនួន ១៩០,០០០រៀល ទូរទស្សន៍១គ្រឿង និងឯកសារមួយចំនួន។ ម្ចាស់ផ្ទះទី២-ឈ្មោះ ឈឹម ផល្លា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់មានទីកន្លែងកើតហេតុខាងលើ។ ផ្ទះទំហំ ៧ម៉ែត្រគុណ ៩ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ប្រក់សង្ក័សី ខូចខាតទាំស្រុង។ បាត់បង់ប្រាក់ដុល្លាចំនួន ៣,០០០ដុល្លារ, ប្រាក់រៀលចំនួន ១,០០០,០០០រៀល ទូរទស្សន៍ ២គ្រឿង ធុងបាស់១ឈុតនិងឯកសារមួយចំនួនទៀត ដែលសរុបអស់ទ្រព្យសម្បត្ដិអស់ជាងម៉ឺនដុល្លារ ។
លោកបន្ដថា អគ្គិភ័យឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយរាលដាលចេញពីផ្ទះតូចរបស់ម្ចាស់ឈ្មោះ កាន គឹមជួន ហើយបានឆេះឆ្លងទៅផ្ទះធំរបស់ម្ចាស់ឈ្មោះ ឈឹម ផល្លា ។ លោកបានបន្ថែមថា អគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង១២និង១០នាទី។ ករណីនេះបានប្រើប្រាស់កម្លាំងចេញជួយអន្តរាគមន៍ចំនួន ២០នាក់និងឡានទឹកចំនួន ៤គ្រឿង មានឡាននគរបាល២គ្រឿងនិងអាវុធហត្ថ២គ្រឿង៕
ដោយ៖ ជានិរន្ដរ៍