ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើងម្តងទៀតរវាងក្រុមអ្នកគាំទ្ររុស្ស៊ីនឹងអង់គ្លេសនៅក្នុងកណ្តាលទីក្រុង Lille ប្រទេសបារាំង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកគាំទ្របាល់ទាត់រុស្ស៊ីមួយក្រុមជាអ្នកផ្តើមហិង្សាទៅលើក្រុមអ្នកគាំទ្រអង់គ្លេស នៅក្នុងបារមួយកន្លែងនៅក្បែរស្ថានីយ រថភ្លើងនៃទីក្រុង Lille។ ក្រុមទាំងពីរបានគប់កៅអីដាក់គ្នាតែស្ថានការណ៏បានធូរស្បើយវិញក្រោយពីប៉ូលិសមកដល់ហើយជនជាតិរុស្ស៊ី២រូបត្រូវបានចាប់ខ្លួន។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (Uefa)បានប្រកាសថា ក្រុមជម្រើសជាតិរុស្ស៊ីនឹងបាត់បង់សិទ្ធិទៅលេងវគ្គបន្តទៀតប្រសិនបើអ្នកគាំងរបស់ពួកគេបន្តបង្កបញ្ហាពេលប្រកួតទៀត។ រុស្ស៊ីក៏ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន១៥ម៉ឺនអឺរ៉ូដោយសារអ្នកគាំទ្របង្កហិង្សាលើអ្នកគាំទ្រអង់គ្លេសនៅក្នុងទីក្រុង Marseille កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ។
ប៉ុន្តែការដាក់ពិន័យថានឹងបាត់បង់សិទ្ធិទៅលេងវគ្គបន្តនោះកើតមានឡើង លុះត្រា តែមានអំពើហិង្សាក្នុងទីលានប៉ុណ្ណោះ។ នៅថ្ងៃពុធនេះក្រុមរុស្ស៊ីនឹងប៉ះក្រុមជម្រើសជាតិស្លូវ៉ាគីក្នុងពូលB ចំណែក អង់គ្លេសត្រូវ ប៉ះក្រុមវេលនៅទីក្រុង Lens ៕
ដោយ៖ ដេវិត