ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលជំនាញទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៦ ខែមីនាម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៧នាក់នោះ មាន ២៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៧ករណី។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕ដោយ៖សហការី