សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនកម្ពុជាវិញ នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ដែលពិធីធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សូមអានប្រសាសន៍សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលបានទទួលរតនវត្ថុបុរាណខ្មែរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនាពេលនេះ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមស្វាគមន៍រតនវត្ថុបុរាណខ្មែរ ដែលជាដួងព្រលឹងនៃមហាបុព្វបុរសខ្មែរ។ សម្តេចតេជោ  បានបញ្ជាក់ថា សន្តិភាពមិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ ក៏ជាសារៈសំខាន់ នៃគ្រួសារអទិទេពផងដែរ ដែលអាចជួបជុំគ្នាដូចពេលនេះ គឺជាការមកដល់នៃរតនវត្ថុបុរាណខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា។

សម្តេចតេជោ ថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូអាមេរិកប្រចាំកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) ដែលបានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។

សម្តេចតេជោ ថ្លែងថា ក្នុងនាមប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការ អបអរ សាទរ អស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ ដែលជាព្រលឹង ដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ដែរថា ក្រសួងបាន និងកំពុងសហការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់ សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។

សម្តេចតេជោ ថ្លែងថា សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍។ សម្តេចតេជោ ក៏បានប្រកាសអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។

សម្តេចតេជោ ថ្លែងថា បានធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។

សម្តេចតេជោ ថ្លែងថា ពិធីដែលយើងកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។

ជាមួយគ្នានោះ សម្តេចតេជោ ប្រកាសអំពាវនាវដល់វិស័យឯកជននានាចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពវប្បធម៌។ សម្តេចតេជោ ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print