ខេត្តកណ្ដាល៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា មានជនខិលខូចមួយចំនួន បានប្រេីល្បិចបោកប្រាស់រូបភាពផ្សេងៗ មានដូចជា៖ ទូរស័ព្ទប្រាប់សាច់ញាតិបងប្អូនថា កូន ក្មួយ ឬក៏ក្រុមគ្រួសារមានគ្រោះថ្នាក់បណ្ដាលឱ្យរងរបួស ដេីម្បីឱ្យជនរងគ្រោះផ្ញេីប្រាក់តាមភ្នាក់ងារវេលុយវីង ប៉ុន្តែអ្វីៗទាំងអស់នោះ គឺជាការចាញ់បោកជនខិលខូចទាំងនោះ។ ដូច្នេះនេះជាសារផ្ញើជូនបងប្អូនសូមមេត្តាប្រុងប្រយ័ត្នចំពោះករណីទាំងអស់នេះ។
ជាក់ស្ដែងកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោក(តាមវីង) កាលពីវេលាម៉ោង ១០ និង១១នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចំណុចមុខផ្ទះវីង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នូល បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យឈ្មោះ ធឿង សុផល ភេទប្រុស អាយុ៣៣ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ អូម ម៉ារុី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦Eo ផ្លូវ៥៣ ភូមិថ្មី សង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រីឯសម្ភារបាត់បង់រួមមាន៖ ប្រាក់ ៨០០០ ដុល្លាអាមេរិក ដកហូតបានពីជនសង្ស័យវិញ ៦៣០០ ដុល្លាអាមេរិក(ប្រគល់ជូនជនរងគ្រោះវិញ)។
ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០១ គ្រឿងម៉ាកស្តុបពី សរ លេខ ព្រៃវែង 1W 0125- ប្រាក់ដុល្លារចំនួន៦៣០០$ -ទូរសព្ទ័ដៃចំនួន ០២ គ្រឿង សុីមទូរសព្ទ័មួយចំនួន និងសម្ភារៈផ្សេងទៀតមួយចំនួន។ -វិក័យបត្រ័ដកប្រាក់ និងដាក់ប្រាក់ ចំនួន ០៨សន្លឹក ។
យោងតាមដំណើររឿងហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានប្រើលេខទូរសព្ទ័លេខ០៨៥ ២៩៤ ៦២៨.០៨៥ ៤៦១ ៩៥៥.០៨៥ ៣២៤ ៦១៩ តេ ទៅលេខ ជនរងគ្រោះលេខ ០១២ ២៩៦ ៩៧១(កំពុងលក់ដូរនៅផ្សារ លក់ដូរ) ដោយដើរតួរធ្វើជាចៅជនរងគ្រោះ រួចប្រាប់ថាម៉ែយាយខ្ញុំនិងម្តាយ បានបើកឡានបុកគេស្លាប់ ឥឡូវត្រូវប៉ូលីសចាប់ខ្លួនវាយខ្នោះហើយ សុំយាយជួយវេលុយជួយចៅផង ។ ជនរងគ្រោះមានការភ័យខ្លាចបារម្មណ៍ពីចៅក៏វេប្រាក់អោយ ១០០០ដុល្លា ជនសង្ស័យថាគេទាបន្ថែមរហូត ក៏វេរ ២០០០ ដុល្លា ថាអោយប៉ូលីស ក៏ទាថែម ៣០០០ ដុល្លា ទៀតថាយកជួយសព រួចក៏បន្តទាបន្ថែម ១០០០ដុល្លា ១០០០ដុល្លា ពីរដងថាយកជួសជុលរថយន្ត។
ជនរងគ្រោះបានវេរប្រាក់អោយគ្រប់ចំនួន ៨០០០ដុល្លា ក្នុងពេល១ថ្ងៃ លុះល្ងាចឡើងជនរងគ្រោះបានត្រឡប់មកពីផ្សាវិញទៅផ្ទះ បានឃើញកូននិងចៅក៏សួរនាំរឿងហេតុ ប៉ុន្តែកូននិងចៅបានប្រាប់ថាពួកខ្លួនមិនបានចេញពីផ្ទះ និងជួបគ្រោះថ្នាក់អ្វីឡើយ ក៏ដឹងថាខ្លួនបានចាញ់បោកជនឆបោក និងបានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីបានទទួលបណ្តឹងរួច លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ អហ ខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងមឹងមាត់ អោយកម្លាំងជំនាញ ដឹកនាំដោយលោកវ/ឯក ទូច អុីណាន មេបញ្ជាការរងខេត្ត ចុះស្រាវជ្រាវនិងបង្ក្រាប ទើបកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ដែលជាមុខសញ្ញាឆបោកប្រាក់តាមទូរសព្ទ័ (ទៅដកប្រាក់នៅវីង) ។
សូមជម្រាបថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆបោកប្រាស់ប្រាក់ពីជនរងគ្រោះចំនួន៨០០០ដុល្លារពិតប្រាកដមែន ដោយសារខ្លួនចាញ់ល្បែងអស់ពីខ្លួន (ឆែកឆេររកប្រាក់ឃើញពីជនសង្ស័យចំនួន៦៣០០ដុល្លា)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំមកសាកសួរនៅមូលដ្ឋានស្រុកអង្គស្នួល ដេីម្បីចាត់ការតាមច្បាប់៕ស្អាង ជ័យ