នៅល្ងាចថ្ងៃទី១៧ ខែមីនា ប៉ូលីសប្រឆាំងកុបកម្មបារាំង បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា នៅកណ្តាលទីក្រុងប៉ារីសខណៈដែលក្រុមបាតុករ នៅតែបន្តប្រឆាំងនឹងផែនការ របស់រដ្ឋាភិបាល ក្នុងការបង្កើនអាយុចូលនិវត្តន៍។
ភាពចលាចលរហូតមកដល់ពេលនេះ បានធ្វើឱ្យប្រធានាធិបតីបារាំង Emmanuel Macron ប្រឈមមុខនឹងបញ្ហាដ៏ធំបំផុត ចាប់តាំងពីរលកនៃការតវ៉ា “អាវកាក់ពណ៌លឿង” ក្នុងខែធ្នូ ឆ្នាំ 2018។
រូបភាពទូរទស្សន៍បានបង្ហាញឱ្យឃើញ ប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នានៅទីលាន Concorde ក្បែរសភាបារាំង។ បាតុករជាច្រើនបានស្រែកពាក្យស្លោក ទាមទារឱ្យលោក Macron ចុះចេញពីតំណែង។
មុននោះ លោក Macron បានសម្រេចចិត្តប្រើប្រាស់អំណាចពិសេស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីចៀសវាងសភា ដោយអនុម័តច្បាប់បង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំ។ រដ្ឋាភិបាលបារាំងទទូចថា នេះជាការចាំបាច់ដើម្បីការពារ មូលនិធិសោធននិវត្តន៍។
សហជីព និងប្រជាពលរដ្ឋភាគច្រើន មិនយល់ស្រប។ យោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយ Toluna Harris Interactive សម្រាប់ស្ថានីយវិទ្យុ RTL មនុស្ស 8 នាក់ក្នុងចំណោម 10 នាក់មិនពេញចិត្តចំពោះការអនុម័តសភា របស់រដ្ឋាភិបាល 65% ចង់ឱ្យការតវ៉ាបន្ត។
អ្នកចិត្តសាស្រ្តអាយុ 52 ឆ្នាំ លោក Nathalie Alquier នៅទីក្រុងប៉ារីស បាននិយាយថា ការឆ្លងកាត់ការបោះឆ្នោតសភាគឺជា “ការបដិសេធលទ្ធិប្រជាធិបតេយ្យ… ជាការបដិសេធទាំងស្រុង នូវអ្វីដែលកំពុងកើតឡើង នៅលើដងផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍ កន្លងមកនេះ។
សហជីពកម្មករនៅប្រទេសបារាំង បានប្ដេជ្ញាថានឹងបន្តប្រមូលបាតុករ ដើម្បីបង្ខំរដ្ឋាភិបាលឱ្យបដិសេធការសម្រេចនេះ។ ផែនការធ្វើបាតុកម្ម សម្រាប់ចុងសប្តាហ៍នេះត្រូវបានរៀបចំឡើង ហើយកូដកម្មទូទាំងប្រទេសគ្រោងធ្វើឡើងនៅថ្ងៃទី ២៣ ឧសភា។
សហជីពគ្រូបង្រៀន ក៏គ្រោងធ្វើកូដកម្មនៅសប្តាហ៍ក្រោយដែរ បើទោះជាវានឹងប៉ះពាល់ ដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិក៏ដោយ។ បាតុកម្ម តាំងពីពាក់កណ្តាលខែមករា រហូតមកដល់ពេលនេះ ភាគច្រើនមានសន្តិភាព ប៉ុន្តែភាពចលាចលក្នុងរយៈពេល ពីរថ្ងៃកន្លងមកនេះ គឺរំលឹកដល់ចលនាតវ៉ា “អាវកាក់ពណ៌លឿង” នៅចុងឆ្នាំ 2018 ដើម្បីតវ៉ានឹងតម្លៃប្រេងឥន្ធនៈខ្ពស់ ដែលបង្ខំឱ្យលោក Macron ត្រូវតែបញ្ច្រាសផ្នែក នៃផែនការដើម្បីដំឡើងពន្ធកាបូន៕ ដោយធីរីណា
រូបថត :Reuters