ភ្នំពេញ៖ ដើម្បីជាមធ្យោបាយបន្ថែមក្នុងការរុញព័ត៌មាន ទៅឱ្យកាន់តែគៀកប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ បានបង្កើតនូវ Channel Telegram «t.me/PreyVengPolice» ផ្លូវការរបស់ខ្លួនលើអ្វីដែលកំពុងមានស្រាប់ នៅលើបណ្ដាញទំនាក់ទំនងសង្គម។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឱ្យដឹងថា បង្កើតនូវ Channel Telegram ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មានពីសមត្ថកិច្ច ដោយមានទាំងការបម្រើសេវា និងការបង្ក្រាបនូវបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានខេត្តព្រៃវែង។
បន្ថែមពីអ្វីដែលមានស្រាប់ក្នុងការរុញព័ត៌មានទៅកាន់ប្រជាពលរដ្ឋនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានបញ្ជាក់អំពីមធ្យោបាយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មាន ឬសុំកិច្ចអន្ដរាគមន៍មកកាន់នគរបាលវិញដែរ ដោយអាចទូរស័ព្ទទៅកាន់លេខប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត 097 778 0006 ឬអគ្គស្នងការដ្ឋាននគរបាលជាតិ 117។
លើសពីនេះ លោកក៏បានណែនាំដល់មន្ដ្រីនគរបាលនៅមូលដ្ឋានទាំងអស់ ត្រូវត្រៀមខ្លួនម្ចាស់ការជានិច្ច ដើម្បីទទួលរាល់បណ្ដឹងសុំការជួយអន្ដរាគមន៍ សំណើ សំណូមពរពីប្រជាពលរដ្ឋដោយផ្ទាល់ ពិសេសនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយត្រូវប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ៕ដោយ៖សហការី