ខេត្តរតនគិរី៖ រថយន្តនិងរថយន្តព្រលះគ្នាយ៉ាងសាហាវនៅលើកំណាត់ផ្លូវជាតិលេខ៧៨បណ្តាលឲ្យរថយន្តទាំង២ខូចខាតទាំងសងខាងតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរឡើយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧៨ គល់ស្ពានស្រែពក ស្ថិតនៅភូមិ៣ ឃំុស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង២គ្រឿងបើកក្នុងទិសដៅបញ្ច្រស់ទិសគ្នា លុះមកដល់កន្លែងកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា រថយន្តម៉ាកឡិចសីុស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2Z-០៤៧២បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករថយន្តឆ្លាមយ៉ាងពេញទំហឹង អ្នកបើកបរមានឈ្មោះរឿង រិទ្ធីដែន ភេទប្រុស ឣាយុ៣៥ឆ្នាំ មុខរបរបំរើការងារឲ្យក្រុមហ៊ុនលក់កង់ទ្បាន រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសស្រាល ចំណែករថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើផ្លូវជាតិ ។ រីឯរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2F-0593 បើកបរក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះចន ចិត្តភេទ ភេទប្រុស ឣាយុ២២ឆ្នាំ មានមុខរបរលក់ទូរសព្វ័ដៃ រស់នៅភូមិនាកួន ឃុំឣង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសស្រាល ។
បច្ចុប្បន្ន រថយន្តទាំ២គ្រឿងក្រោយពីធ្វើការវាសវែងរួចយកមករក្សាទុកនៅឣធិការនគរបាលស្រុកកូនមុំដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ វុទ្ធឦសាន