ភ្នំពេញ : ១៨ មីនា ១៩៧០ – ១៨ មីនា ២០២៣ ៥៣ឆ្នាំ កន្លងផុតទៅ ដែលព្រឹត្តិការណ៍រដ្ឋប្រហារដ៏អាក្រក់មួយ បានក្លាយជាប្រភពនៃសោកនាដកម្មជាច្រើន ជាពិសេសអំពើប្រល័យពូជសាសន៍មកលើប្រជាជាតិកម្ពុជា នាឆ្នាំ១៩៧៥។ ឆ្លងកាត់មេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ យើងជាយុវជនជំនាន់ក្រោយគប្បីចងចាំ និងរៀនសូត្រពីកំហុសអតីតកាល ដោយតោងរក្សាសន្តិភាព ពង្រឹងឯកភាពផ្ទៃក្នុងធ្វើយ៉ាងណាកុំឱ្យប្រទេសធ្លាក់ក្នុងរណ្តៅវិនាសកម្មសារជាថ្មី។ នេះជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ (ស.ស.យ.ក) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា,ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី៥៣ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ មីនា ឆ្នាំ១៩៧០) ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ និងជា ដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។
ការធ្វើរដ្ឋប្រហារនេះ កើតឡើងនៅអំឡុងពេលសម្តេចព្រះនរោត្តម សីហនុ កំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន ហើយបាតុកម្មប្រឆាំង វៀតណាម ទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ។ ក្រុមបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង)។
មានមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨ ខែមីនា ឆ្នាំ១៩៧០ គឺទី១៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ, ទី២៖ សេនាប្រមុខ លន់ នល់ និងទី៣៖ អ៉ិន តាំ, ដោយហេតុនេះទើបមនុស្សទាំង៣រូបនេះត្រូវបានគេហៅថា «មនុស្ស១៨មីនា»។
សៀវភៅឈ្មោះសាធារណរដ្ឋខ្មែររបស់បណ្ឌិតសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានអះអាងថា ព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងទៅបានដោយសារមានការសម្របសម្រួលនៃការបន្លំរបស់មនុស្សទី៤ គឺវរៈសេនីយ៍ លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់ឧត្តមសេនីយ៍ លន់ នល់។ លន់ ណុន ត្រូវបានគេជឿថា ជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ លន់ ណុន បានធ្វើការជាច្រើនគឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់ ដែលជាបងប្រុស និងជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទំលាក់សម្តេច សីហនុ ទៅទៀត។
នៅក្នុងសម័យសង្គ្រាមនៅវៀតណាម ភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA បានផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើប្រទេសកម្ពុជា ព្រោះជាប្រទេសដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ក្នុងគោលដៅប្រើប្រាស់ដែនដីនេះដើម្បីដាក់ពង្រាយទ័ព ឬទាញយកផលប្រយោជន៍ភូមិសាស្ត្រ នយោបាយ ដើម្បីវាយកម្ទេចវៀតណាមខាងជើង ដែលប្រកាន់យករបបកុម្មុយនីស្ត។ ជាអកុសល សម្តេចព្រះនរោត្ត សីហនុ ដែលពេលនោះ ទ្រង់ជាព្រះប្រមុខរដ្ឋកម្ពុជា ប្រកាន់យកនយោបាយ អព្យាក្រឹត្យ ដោយប្រកាសថា មិនបើកចំហចំពោះមហាអំណាចមួយនេះជាដាច់ខាត។
ដោយយល់ឃើញថា មានមនុស្សម្នាក់ដែលអាចអនុញ្ញាតឱ្យកម្ពុជា បើកទ្វារទទួលអាមេរិកបាននោះគឺលោកសេនាប្រមុខ លន់ នល់ ទើបប្រទេសមហាអំណាចមួយនេះ ជួយលោកឱ្យឡើងកាន់អំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ សេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះ ហើយភាពអត់ឃ្លានបានកើតឡើង ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំប្រទល់ ភាគខាងត្បូង ប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ក្រោមស្នាដៃអាមេរិក ដែលមានន័យថា អាមេរិកត្រូវទទួលខុសត្រូវលើភាពវិនាសហិនហោចនេះ។ មិនតែប៉ុណ្ណោះក៏មានការចោទ ជាសំណួរថា តើ CIA ជាអ្នកត្រួសត្រាយផ្លូវសម្រាប់របបខ្មែរក្រហមមកគ្រប់គ្រងប្រទេសកម្ពុជា ឬយ៉ាងណា?
នៅភាគខាងត្បូងប្រទេសកម្ពុជា បានរងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក វាបានធ្វើឱ្យស្ថានភាពកម្ពុជាធ្លាក់ចុះដុនដាបជាខ្លាំង ដែលជាការបង្កើតឱកាសមាសសម្រាប់ខ្មែរក្រហម ចូលមកគ្រប់គ្រងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម បានសម្លាប់ប្រជាពលរដ្ឋខែ្មរអស់ជិតពាក់កណ្តាល។ ប៉ុន្តែ CIA និងពិភពលោកខាងក្រៅ បែរជាមិនបានដឹងពីរបបដ៏ឃោរឃៅទាំងនេះទៅវិញ។ ទោះជាយ៉ាងណា របបសាធារណៈរដ្ឋដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។ ចំណែកជីវិតចុងក្រោយរបស់លោក លន់ នល់ ត្រូវបានស្លាប់នៅលើរដ្ឋហាវៃ សហរដ្ឋអាមេរិក នៅលើទឹកដីដែលជាមេខ្លោងរបស់ខ្លួន មិនបានស្លាប់នៅលើទឹកដីមាតុភូមិកម្ពុជានោះទេ។
ទម្រាំផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខសង្គមរាស្ត្រនិយមបាន ប្រទេសអមិត្តបានចំណាយពេលអស់ប្រមាណ១៥ឆ្នាំ ជាមួយនឹងការប្រើគ្រប់ល្បិចកិច្ចកលមួយរយជំពូក ដើម្បីតែសម្រេចនយោបាយបំផ្លាញសុខសន្តិភាពកម្ពុជា ខណៈដែលកម្ពុជាបានប្រកាសក្ដែងៗហើយថា មិនព្រមចូលបក្សសម្ព័ន្ធខាងណានោះឡើយ។
ស្របពេលនឹងខួប៥៣ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមដកស្រង់រឿងរ៉ាវស៉ីជម្រៅចែកជូនមិត្តអ្នកអានឱ្យបានជ្រាបកាន់តែច្បាស់ អំពីអាថ៌កំបាំងនៅពីក្រោយអំពើធ្វើរដ្ឋប្រហារនេះ។
សហរដ្ឋអាមេរិក និងទីភ្នាក់ងារ CIA រួមជាមួយប្រទេសអមិត្តដែលនៅជិតខាងផងនោះ បានចាប់ផ្ដើមសកម្មភាពប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ តាំងតែពីឆ្នាំ១៩៥៥ មកម្ល៉េះ។ សហរដ្ឋអាមេរិក មានចរិតនយោបាយដាក់សម្ពាធមកលើប្រទេសណាដែលមិនរណបខ្លួន ក្នុងនោះកម្ពុជាក៏ជួបវាសនាបែបនេះដែរ។ ពួកគេបានប្រើឧបាយកលមួយរយជំពូកគ្រប់រូបភាព ដើម្បីបំបែករបបសង្គមរាស្ត្រនិយម ប្រសិនបើវិធីសាស្ត្រមិនបានសម្រេច ពួកគេប្ដូរវិធីសាស្ត្រមួយទៀត និងមានការចំណាយលុយដ៏ច្រើនអនេក ដើម្បីទិញក្បាលមនុស្សឱ្យចូលរួមក្នុងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ប៉ុន្តែត្រូវបានសម្ដេចព្រះប្រមុខរដ្ឋកម្ចាត់ចោលទាំងអស់។
សូមជម្រាបថា, នេះគឺ ប្រវត្តិខ្លះដែលយើងបានដកស្រង់មកចុះផ្សាយ ជារម្លឹក ១៨ មីនា ១៩៧០ ទោះជាមិនគ្រប់ជ្រុងជ្រោយ ក៏ជាប្រវិត្តសាស្ត្រខ្លះៗ ចែករំលែក នូវភាពជូចត់មួយនេះ ៕
ដោយ : សិលា