ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀត បានបេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងក្នុងល្បឿនលឿនរួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ដោយបង្កឡេីងកាលពីវេលាម៉ោង២ និង០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-2117 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កផ្ទប់ជាប់របាំងថ្មរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗគេឃេីញបុរសបរទេសម្នាក់ដែលជាតៃកុង និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀតបានចេញពីក្នុងរថយន្តបង្កហេីយព្យាយាមគេចខ្លួនបាត់ដោយមិនមាននរណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ