ខេត្តកំពង់ឆ្នាំង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពីឃុំពន្លៃ និងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនាពេលនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគគិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលេីគ្រប់វិស័យ ក្រោមដំបូលនៃម្លប់សុខសន្តិភាព ដែលអនុញ្ញាតឱ្យយេីងទាំងអស់គ្នាអាចជួបជុំគ្នានិងសំណេះសំណាលសួរសុខទុក្ខគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ ។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសត្រូវបន្តរក្សាអនាម័យ និងចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ។ ចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ជៀសផុតពីគ្រឿងញៀន និងសេពគ្រឿងស្រវឹង ។ លោកស្រីក៏បានជំរុញដល់ឪពុកម្តាយ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណប័ណ្ណថ្មី អ្នកដែលហួសសុពលភាព បាត់ ឬខូចអត្តសញ្ញាណត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខនេះ ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ។
លោកស្រីបានក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តសហការគ្នាអនុវត្តឱ្យខាងតែបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ សារ៉ុង ១ និងថវិកា២ម៉ឺនរៀល៕
ដោយ : សហការី
ដោយ : សហការី