លោក Nuno Matos នាយកប្រតិបត្តិនៃធនាគា Wealth and Personal Banking នៃក្រុមហ៊ុន HSBC Group បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរកាលពីពេលថ្មីៗនេះជាមួយសារព័ត៍មានស៊ីនហួថា កំណើនរយៈពេលវែងនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្ដានុពលនិងឱកាសដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគបរទេស។
ក្រឡេកទៅមើលឆ្នាំ 2022 ទីផ្សារចិន និងអាស៊ីបានបង្ហាញពីភាពធន់រឹងមាំ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនពីផលប៉ះពាល់នៃជំងឺរាតត្បាតគឺ កើតឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយដាក់គ្រឹះរឹងមាំសម្រាប់ឆ្នាំ 2023។ នេះបើតាមការលើកឡើងរបស់លោក Nuno Matos។
នាយកប្រតិបត្តិបាននិយាយបន្ថែមទៀតថានាពេលថ្មីៗនេះ HSBC Group បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដល់ 5.6 ភាគរយក្នុងឆ្នាំ 2023 ពីការរំពឹងទុកកាលពីមុនមានត្រឹមតែ 5.0 ភាគរយ ខណៈដែលរំពឹងថាការស្ទុះងើបឡើងវិញនៃវិស័យប្រើប្រាស់ផលិតផលជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យសេវាកម្ម។
លោក Nuno Matos ក៏បានអះអាងថា ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការបើកវិស័យហិរញ្ញវត្ថុរបស់ខ្លួន និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងច្នៃប្រឌិតក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ។ លោកបានមានប្រសាសន៍ថា “យើងស្វាគមន៍ចំពោះវិធានការដែលជំរុញការបើកទូលាយនៃវិស័យសេវាកម្មហិរញ្ញវត្ថុ។ ចំនួនអ្នកវិនិយោគបរទេស និងបរិមាណនៃការវិនិយោគបរទេសនៅក្នុងប្រទេសចិនបានកើនឡើងទាំងពីរជាលទ្ធផល” ។
ប្រភព (Xinhua)