ខេត្តមណ្ឌលគិរី៖ ទីតាំងដីព្រៃមួយកន្លែងក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយ ក្នុងគោលបំណងហ៊ុមព័ទ្ធ ធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំងនោះត្រូវបានសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះពិនិត្យហើយ។
ការចុះពិនិត្យនោះដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តនារសៀលថ្ងៃទី១៩ មីនា ២០២៣ ។សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្នុងករណីមានសកម្មភាពកាប់ឆ្ការឈូសឆាយព្រៃជាច្រើនហិកតា ដោយគ្មានច្បាប់អនុញ្ញាតនោះមកកម្លាំងជំនាញបានចុះប្រតិបត្តិការនៅទីតាំងបទល្មើសជាក់ស្តែងក៏ ប្រទះឃើញផ្ទៃដីប្រមាណ៥០ហិកតា ត្រូវបានគេឈូសឆាយព្រៃចាស់និងថ្មីរួចថែមទាំងប្រមូលដុតបំបាត់ដានទៀតផងប៉ុន្តែគ្មានមនុស្សណាម្នាក់ ឬគ្រឿងចក្រត្រូវបានគេរកឃើញនៅកន្លែងនោះឡើយ។
សមត្ថកិច្ចបានបន្តថាការចុះត្រួតពិនិត្យទីតាំងកាប់រាន ឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធកាន់កាប់ធ្វើជាកម្មសិទ្ធិ ដែលមានភូមិសាស្ត្រស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំងក្រុមការងារបានយកចំណុចនិយាមកាហើយផ្ទៀងផ្ទាត់ផែនទីគម្របព្រៃឈើឆ្នាំ២០០២នោះគឺស្ថិតនៅក្នុងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហួរលីង និងមានទំហំផ្ទៃដីដែលបានឈូសឆាយ សរុបចំនួន ៥៦ហិកតា១០អា។
អាជ្ញាធរស្រុកអូររាំងបានឱ្យដឹងនៅល្ងាចថ្ងៃទី១៩ មីនា ២០២៣ ថា រដ្ឋបាលស្រុកកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ឋ ជាពិសេសបុគ្គលដែលហ៊ានប្រព្រឹត្តសកម្មភាពឈូសឆាយព្រៃ គ្មានច្បាប់ទម្លាប់ ដើម្បីចាត់ការតាមនីតិវីធីច្បាប់។
អាជ្ញាធរបានបន្តថា ករណីនេះបានកើតឡើងក្នុងដែនដី ដែលគ្រប់គ្រងដោយក្រុមហ៊ុនដាំដើមស្រល់ ដែលមានទំហំជាច្រើនពាន់ហិកតា ហើយទីតាំងដីខ្លះនៅមានសេសសល់ព្រៃឈើ ខណៈកម្លាំងនិយាមកាក្រុមហ៊ុនមិនគ្រប់គ្រាន់ ដូច្នេះមានជនឱកាសនិយមខ្លះ បន្លំកាប់រុករានព្រៃយកដីទាំងនោះធ្វើជាកម្មសិទ្ធិទាំងបំពានច្បាប់៕ដោយ ជីវ័ន្ត