ខេត្តសៀមរាប៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, នាថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិសារអាហារពេលល្ងាចដែលរៀបចំឡើងដោយក្រុមកីឡាសេនាយុត្តិធម៌។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំ និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ ក្រុមកីឡាទន្សាយអង្គរ និងក្រុមកីឡាគ្រុឌមានជ័យ ជាដែលមានចំនួនប្រមាណ ៥៦០រូប។
នៅកម្មវិធីពិសារអាហារពេលល្ងាចនេះដែរ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសអំពីចំនួនថវិកាដែលទទួលបានក្នុងកម្មវិធី “ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)” ដោយប្រមូលបានថវិកាចំនួន ៥៥៥ ០០០ ០០០ រៀល ហើយថវិកាទាំងនេះនឹងយកទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) សម្រាប់គាំទ្រដល់កិច្ចដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។ ជាមួយគ្នានេះ លោក ក៏បានគូសបញ្ជាក់ផងដែរថាកម្មវិធីជិះកង់អង្គរនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកចូលរួមទទួលបាននូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមាននូវស្មារតីសាមគ្គីភាព ភាតរភាព និងមោទនភាពសម្រាប់អ្នកចូលរួម ក៏ដូចជាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសការបរិច្ចាគថវិកាពីអ្នកដែលបានចូលរួមជិះកង់ផង និងអ្នកដែលមិនបានចូលរួមជិះកង់ផង សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលជាមន្ទីរពេទ្យមួយជួយព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ ដែលនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ទាំងសម្រាប់វិស័យយុត្តិធម៌ទាំងមូលផង ទាំងសម្រាប់អ្នកចូលរួមផ្ទាល់ខ្លួនផង។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមកីឡាសេនាយុត្តិធម៌ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដែលបានសហការ និងសម្របស្រួលរៀបចំកម្មវិធីនេះឡើងយ៉ាងអធិកអធម ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈច្បាប់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីយកទៅជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាបនេះ៕
ដោយ : សហការី