ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា «អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដែលមានកម្ពស់១០ជាន់ រួមទាំងការប្រារព្ធខួប ៧០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាសាកលវិទ្យាល័យចាស់ជាងគេបំផុតនៅក្នុងកម្ពុជា។
សម្តេចតេជោ បានប្រសាសន៍ថាៈ កុមារ និងយុវជនសម័យសង្រ្គាមគឺគ្មានឱកាសដូចយុវជនសម័យបច្ចុប្បន្នកាលថ្មីសម័យតេជោ។ ប៉ុន្តែយុវជនត្រូវស្រវាស្រទិញខិតខំសិក្សា និងស្វែងរកឱកាសដូចយុវជន៤នាក់ដែលបានព្យាយាមជិះរថភ្លើងតាមសុំជួបខ្ញុំពីភ្នំពេញទៅក្រុងព្រះសីហនុកន្លងទៅថ្មីៗនេះដើម្បីសុំអាហារូបករណ៌សិក្សា។ គ្មានឱកាសរត់មករកយើងឡើយ ប្រសិនបើយើងមិនខិតខំដោយខ្លួនឯង។ រីឯចំពោះនិស្សិតដែលបានដាក់សំណើមកសុំខ្ញុំតាម Facebook ជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ចំនួន ៩៩នាក់ កាលពីពេលថ្មីៗនេះ គឺខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលហើយ គឺខ្ញុំសូមជូនកាដូដល់ក្មួយៗទាំង៩៩នាក់បានចូលរៀនទាំងអស់គ្នា ហើយខ្ញុំសម្រេចអោយបញ្ចុះតម្លៃដាក់ពាក្យប្រឡងពេទ្យតម្លៃពី ៦០ម៉ឺនរៀល មកត្រឹម ១០ម៉ឺន។ ចាប់ពីពេលនេះតទៅគឺគ្មានបញ្ហានិស្សិតពេញសិទ្ឋិឬបម្រុងទៀតទេ។
សម្តេចមានប្រសាសន៍លើកឡើងថាៈ តាំងពីខ្ញុំបានប្រើប្រាស់ខ្ញុំ Facebook មកគឺខ្ញុំបានដោះស្រាយបញ្ហាជូននិស្សិត និងប្រជាពលរដ្ឋយើងបានច្រើន។ សូមអរគុណក្មួយៗយុវជនដែលតែងតែផ្តល់នូវការគោរពស្រឡាញ់ដល់រូបខ្ញុំនិង ភរិយា និងសូមជូនពរក្មួយបានទទួលជោគជ័យក្នុងកាសិក្សា និងមានអនាគតល្អទាំងអស់គ្នា៕
ដោយ៖ សហការី