ក្រសួងអភិវឌ្ឍន៍ជនបទ កំណែទម្រង់ប្រព័ន្ធរដ្ឋបាល រហូតដល់ក្លាយជា ប្រមូលផ្តុំសាច់ញាតិមកធ្វើការរួមគ្នា

ចែករំលែក៖

ភ្នំពេញ : កន្លងទៅមានលិខិតមួយដែលអះអាងជាមន្ត្រីរាជការ ក្នុងក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ទៅកាន់ អង្គភាព ប្រឆាំងអំពើពុករលួយ បញ្ជាក់ពី ការដឹកនាំ ប្រកបដោយគ្រួសារនិយម របស់លោករដ្ឋមន្ត្រី ។ ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតមួយច្រានចោល ដោយបញ្ជាក់ថា ជាងលិខិត អាណាមិក ហើយការលើកឡើង ជារឿងមិនពិត ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានព្យាយាម បង្ហាញពីស្នាដៃ ការខិតខំរបស់ថ្នាក់ដឹកនាំក្រសួង ទទួលបានសមិទ្ធិផលច្រើន ។ ដោយឡែកចំពោះបញ្ហាគ្រួសារនិយម ហាក់មិនបានធ្វើការបកស្រាយ ត្រឹមតែពាក្យថា, (រឿងមិនពិត ! សូមធ្វើការច្រានចោល! ) ។

អ្វីដែលចម្ងល់ របស់មន្ត្រី គាត់ចង់ដឹងថា, តើ លោក ភួង សោភា បាន និងកំពុងកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាប្អូនថ្លៃ លោករដ្ឋមន្ត្រី មែនឬអត់ ? លោកស្រី គង់ សុធីរី ទទួលបានការតែងតាំងមុខតំណែងថ្មីជា អនុរដ្ឋលេខាធិការ ជាភរិយា លោក ភួង សោភា មែនឬអត់ ! លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាកូនប្រុស លោករដ្ឋមន្ត្រី មែន ឬអត់ ? ចំងល់នៅត្រង់ហ្នឹង ? 

សូមរម្លឹកថា, បញ្ហាអតីតប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្នាក់ គឺលោកស្រី គង់ សុធីរី ទទួលបានការតែងតាំងមុខតំណែងថ្មីជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គឺមានគេហទំព័រក្នុងស្រុកផ្សាយជាញឹកញាប់ផងដែរ។ 

សូមបញ្ជាក់ថា ស្វាមីរបស់លោកស្រី គង់ សុធីរី គឺ លោក ភួង សោភា បាន និងកំពុងកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ហើយ លោក ភួង សោភា ត្រូវជាប្អូនថ្លៃរបស់ លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមាន លោក អ៊ុក ពញ្ញា ត្រូវជាកូនប្រុសរបស់លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បាន និងកំពុងកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ តាមរបៀប « មូលជុំគ្នានៅក្នុងក្រសួងតែមួយ » ផងដែរ។ 

មន្ត្រីបានលើកឡើងថា, បញ្ហាយកសាច់ញាតិ មកប្រមូលផ្តុំគ្នា នៅកន្លែងក្រសួងតែមួយ ទោះជាមាន សមត្ថភាព ចំណេះដឹង បទពិសោធន៍ ប្រកបដោយ ធនធានមនុស្ស ប៉ុន្តែសួរថា, មានទេតម្លាភាព ចំពោះការងាររួម របស់អង្គភាព ! 

លោកស្រី គង់ សុធីរី ធ្លាប់ទទួលបានការតែងតាំងជា ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីសម័យ លោក បណ្ឌិត អ៊ុក រ៉ាប៊ុន (​ កាលណោះមិនទាន់ទទួលបានគោរមងារជា បណ្ឌិតសភាចារ្យ នៅឡើយ ) ធ្វើជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ២០១៤មកម៉្លេះ ដោយអនុក្រឹត្យលេខ ២៥៩អនក្រ.តត ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ។

ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺចាប់តាំងពីលោកស្រី គង់ សុធីរី ឡើងកាន់មុខតំណែងជា ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មក រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនពីររូបហើយមិនបានកាន់មុខតំណែងដល់ចប់អាណត្តិស្រួលបួលឡើយ ជាអាទិ៍ ៖ លោក បណ្ឌិត អ៊ុក រ៉ាប៊ុន (​ ឡើងកាន់តំណែងជា រដ្ឋមន្ដ្រី នាអំឡុងខែកញ្ញា ឆ្នាំ២០១៣ តែបានផ្លាស់ចេញនាខែមេសា ឆ្នាំ២០១៦ ដោយមកកាន់មុខតំណែងជា រដ្ឋមន្ដ្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ វិញ ) និង លោក វេង សាខុន ( ឡើងកាន់មុខតំណែងជា រដ្ឋមន្ដ្រី អាណត្តិថ្មី សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នាខែកញ្ញា ឆ្នាំ២០១៨ តែត្រូវបានដកហូតមុខតំណែងវិញ នាខែតុលា ឆ្នាំ២០២២ ) ។

លុះក្រោយពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលោក ឌិត ទីណា ឡើងកាន់មុខតំណែងជា រដ្ឋមន្ដ្រី ជំនួសលោក វេង សាខុន ដែលត្រូវបានដកហូតមុខតំណែង បានប្រមាណ០៣ខែ លោកស្រី គង់ សុធីរី សម្រេចចិត្តចាកចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានការតែងតាំងមុខតំណែងថ្មីជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ មក « ជុំមូលគ្នា » ជាមួយបងថ្លៃ ជារដ្ឋមន្ដ្រី ជាមួយស្វាមី ជារដ្ឋលេខាធិការ និងជាមួយក្មួយ ជារដ្ឋលេខាធិការ តែម្ដង ដែលការងារនេះ ជុំគ្នាបានល្អ ។ 

គេហទំព័រក្នុងស្រុកមួយបានលើកឡើងថា, មជ្ឈដ្ឋានអ្នកតាមដាន និងវិភាគកិច្ចការសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈថា ថ្វីដ្បិតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាក្រសួងមានចំណូល ប៉ុន្តែក្រសួងនេះ មានខ្ទង់ចំណាយសម្រាប់ឆ្នាំ២០២៣ ត្រឹមចំនួន ៦៥០ ២៤០,៦លានរៀល ( ប្រមាណ ជាង១៦០លានដុល្លារអាមេរិក ) ប៉ុណ្ណោះ ខណៈក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ចំណាយសម្រាប់ឆ្នាំ២០២៣ រហូតដល់ចំនួន ១ ០២៣ ៧៧៤លានរៀល ( ប្រមាណ ជាង២៥២លានដុល្លារអាមេរិក ) ឯណោះ ។ ដូច្នេះ លោកស្រី គង់ សុធីរី ទំនងជាមន្ដ្រីមានជំនាញចាយលុយ ទើបត្រូវរត់រកក្រសួង ដែលមានខ្ទង់ចំណាយធំ និងមានឱកាសចាយលុយបានច្រើនផង នៅក្រសួងអភិវឌ្ឍន៍ជនបទ ដ្បិតមានក្រុមគ្រួសារ សាច់ញាតិ ( បងថ្លៃ ស្វាមី និងក្មួយ ) ជារដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការ ដែលជាថ្នាក់ដឹកនាំក្រសួងដ៏មានឥទ្ធិពល ជាប្រព័ន្ធស្រេច ។

សូមជម្រាបជូនថា, ទោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញពីភាពស្អាតស្អំក៏ដោយ យ៉ាងហោចណាស់ ក៏អង្គភាព ប្រឆាំងអំពើពុករលួយ បើកធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទោះបីជា ក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា លិខិតនោះ ជាលិខិត អនាមិកក៏ដោយ ប្រយោជន៍ ឈានកំណែទម្រង់ប្រព័ន្ធរដ្ឋបាល មានតម្លាភាព សហការ សាមគ្គីផ្ទៃក្នុង ដើម្បីអោយការងារ រលូនទៅមុខ ជាមួយការគាំទ្រ ពីមន្ត្រីគ្រប់ជាន់ថ្នាក់ ។ 

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ចាន់ ដារ៉ុង អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី 21 ខែមីនា ឆ្នាំ2023ដោយទូរសព្ទចូលគ្មានអ្នកទទួល ៕

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print