ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១១ នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍រថយន្តក្រុងបុកជាមួយនឹងរថយន្តត្រាយតុន ក្នុងដំណើរច្រាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនាឆ្នាំ ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្ត សញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រាយតុន ពាក់ស្លាកលេខខេមរៈភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីទិសខាងជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើត ហេតុបានបុកជាមួយនឹងរថយន្តក្រុងពណ៌ក្រហមពាក់សាកលេខសៀមរាប3A.1552 ក្រុង របស់ក្រុមហ៊ុនដឹកអ្នកដំណើរ។
ក្នុងហេតុការណ៍នោះបណ្ដាលឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតា ត្រាយតុន ២បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យ) និង ១១ នាក់បានរងរបួស ធ្ងន់ និងស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានត្រូវវាស់វែង និងយករថយន្ត ទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕