ខេត្តពោធិ៍សាត់៖ រថយន្តទ្រុងធុនធំ បុករថយន្តសាំយ៉ុងដឹកម្ទេសពីក្រោយ បណ្ដាលឲ្យកម្ពប់រាយប៉ាយពេញផ្លូវ និងរងការខូចខាត់ទាំងសងខាង ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្តលេខ១៨៩-១៩០ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
ម្ចាស់រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y 1642 ដឹកផ្លែម្ទេស (តែមិនបញ្ជាក់ឈ្មោះនោះទេ និងអ្នករួមដំណើរម្នាក់ទៀត) បានឲ្យដឹងថា ពួកគាត់ដឹកផ្លែម្ទេសចេញពីខេត្តកណ្ដាលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានឈប់រថយន្ត ដើម្បីយកលុយចំនួន២០០០០រៀល (ពីម៉ឺនរៀល) ទៅបង់ឲ្យគយនៅទីនោះ នៅពេលដើរត្រឡប់មកពីកន្លែងបង់លុយឲ្យគយវិញ បំរុងនឹងឡើងរថយន្ត ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាក (FREIGHTLINER) ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3D 4269 មកបុករថយន្តគាត់ពីក្រោយពេញទំហឹង ប៉ុន្តែពុំមានបង្កឲ្យ រងរបួសដូចគ្នាគ្រាន់តែរងការខូចខាតរថយន្តទាំងសង់ខាងប៉ុណ្ណោះ ។
ចំណែកភាគីខាងម្ចាស់រថយន្តធុនធំ និងអ្នករួមដំណើរតែមិនបញ្ជាក់ឈ្មោះដូចគ្នាបានឲ្យដឹងដែរថា រថយន្តម៉ាកសាំយ៉ុងចតមិនដាក់សញ្ញាមើលមិនឃើញ ពិតជាម៉ាស៊ីននៅបញ្ឆេះមែន ប៉ុន្តែដឹកសំពីងសំពោងមើលមិនឃើញភ្លើងស៊ីញ៉ូនោះទេ ដូច្នេះរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមិថុនាភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នាត្រូវរ៉ូវនៅឡើយទេ ខណៈកំពុងដណ្ដើមគ្នាត្រូវ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងដែរថា ករណីនេះ ពុំបង្កការគ្រោះថ្នាក់ដល់មនុស្ស ឬទ្រព្យសម្បត្តិជាសាធារណៈនោះទេ ដូច្នេះទុកឲ្យពួកគេសម្របសម្រួលគ្នាចុះ បើមិនត្រូវរ៉ូវគ្នាទេ ទើបសមត្ថកិច្ចបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន