យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg និង Tass បានផ្សាយថា ហុងគ្រីទើបតែបានរារាំងសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុប (EU) ស្តីពីដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ កាលពីថ្ងៃទី១៧ ខែមីនា ដោយចោទប្រកាន់ថា “ចលនាខុសច្បាប់” ប្រឆាំងទៅប្រទេសរុស្ស៊ី។
កាលពីថ្ងៃទី 20 ខែមីនា រដ្ឋមន្ត្រីយុត្តិធម៌សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីសម្រេចរបស់ ICC ប៉ុន្តែហុងគ្រីមិនបានចុះហត្ថលេខានោះទេ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ២១ខែមីនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា រុស្ស៊ីមានបំណងនាំយកកុមារដែលជម្លៀសចេញពីតំបន់សង្គ្រាមនៅអ៊ុយក្រែនមកវិញ ដរាបណាលក្ខខណ្ឌនៅទីនោះមានសុវត្ថិភាពគ្រប់គ្រាន់ដល់រុស្ស៊ីដើម្បីបញ្ជៀសពួកគេពីគ្រោះថ្នាក់ដែលបង្កឡើងដោយប្រតិបត្តិការយោធា។
ឆ្លើយតបនឹងវេតូនៃទីក្រុង Budapest នេះ មន្ត្រីកិច្ចការបរទេស EU លោក Josep Borrell បានប្រកាសថា លោកនឹងយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
គេរំពឹងថា សេចក្តីសម្រេចរបស់តុលាការនឹងត្រូវបញ្ចូលទៅក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៤ ខែមីនា។
មុននេះ ទំនាក់ទំនងរវាងទីក្រុងកៀវ នឹងទីក្រុង Budapest កាន់តែតានតឹង នៅពេលដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban មិនគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយសារតែយុទ្ធនាការយោធានៅអ៊ុយក្រែន។ លោក Orban ក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដែលគាំទ្ររុស្ស៊ីបំផុតក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧៕ ដោយធីរីណា
រូបថត : Tass