ខេត្តកំពត៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ក្រោមអធិបតីភាពលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរដ្ឋបាលខេត្តកំពត។
ក្នុងឱកាសនោះ លោកអភិបាលរង បានលើកឡើងអំពី យុទ្ធសាស្ត្រលាងសម្អាតព័ត៌មានបំពុលឬព័ត៌មានក្លែងក្លាយ, និន្នាការនៃការទទួលបានព័ត៌មាននាពេលបច្ចុប្បន្ន, ការប្រើប្រាស់ទិន្នន័យពិតធ្វើជាធាតុចូលនៃព័ត៌មាន, ការប្រឡងប្រណាំងបំពេញសេវាជូនប្រជាពលរដ្ឋ និងគោលការណ៍ជំរុញសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនផងដែរ។
សូមជម្រាបថា សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ និងមានគោលបំណង ផ្សព្វផ្សាយពីយុទ្ធសាស្ត្រពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ ជុំវិញការផ្ដល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ នៅថ្នាក់ក្រោមជាតិ៕ដោយ៖សហការី