ភ្នំពេញ : លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២-២៤ ខែ មីនា ឆ្នាំ២០២៣។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក បណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី ស្ដីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើក យកមកពិភាក្សា។ បន្ទាប់ពីជំនួប ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនដែលដូមីនីក ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកបណ្ឌិត វីន ហេនដឺសាន់ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនដែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕
ដោយ : សិលា