សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់និស្សិតដែលបញ្ចប់ការសិក្សា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត បង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវ​ធ្វេសប្រហែស​ឡើយ។​ សម្ដេចតេជោ បន្តបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន  បញ្ជាក់ថា «យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមសម្តែងក្តីរីករាយ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា ដែលជាធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។

សម្តេចតេជោ  បានប្រកាសថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗ។

សម្ដេចតេជោ បានបញ្ជាក់ថា ទាក់ទងនឹងការជ្រើសរើសស្រ្ដីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋនេះ សម្ដេចតេជោ ក៏ធ្លាប់បានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង លើការធ្វើវិសោធនកម្មច្បាប់លើការងារនេះដែរ ដើម្បីបង្កើនចំនួនស្រ្ដីចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឃើញធនាគារអាម៉េរិកដួល កុំបន់ស្រន់ឱ្យអាម៉េរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ។ សម្តេចបញ្ជាក់ថា «ប្រទេសនីមួយៗត្រូវពឹងអាស្រ័យគ្នាទៅវិញ ព្រោះអាម៉េរិកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចភពលោក»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាធ្លាប់បានទទួលទេសចរចិនមុនកូវីដ-១៩ ជាង ២លាននាក់ ហើយក្នុងដំណើទស្សនកិច្ចសម្ដេចតេជោទៅចិន តាមរយៈជំនួបជាមួយប្រធានាធិបតីចិន ក៏បានពិភាក្សាបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀតឱ្យបានប្រមាណ ១ សប្ដាហ៍ ៣០០ ជើងហោះហើរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភាពអភិរក្សនិយមជ្រុលហួសហេតុ ជាកត្តារាំងស្ទះដល់ដំណើរការ នៃការរីកចម្រើន។ សម្តេចបញ្ជាក់ថា «កុំឱ្យពន្លកនៃការរីកចម្រើន បែរជាត្រូវរាំងស្ទះដោយគំនិតអភិរក្សនិយមជ្រុល»។

សម្ដេចតេជោ បន្តជំរុញឱ្យទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដើម្បីកុំឱ្យក្លាយទៅជាពួកក្រុមអភិរក្សនិយម។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមមន្រ្ដីធំៗ ក៏ត្រូវប្រឹងរៀនសូត្របន្ថែមដែរ មិនអាចនឹងមិនរៀនហើយបែរជាទៅធ្វើជាឧបសគ្គរាំងស្ទះដល់ក្មេងៗដែលទទួលបានការបណ្ដុះបណ្ដាលនោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម័យនេះ ក៏ជាសម័យកាលនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងភិពលោកក៏ដូចគ្នា។ ដូច្នេះដំណាក់កាលនេះ ជាដំណាក់កាលប្រកួតប្រជែង ប៉ុន្ដែសូមកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន  សែន ប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំ នៃធនាគារអាម៉េរិក។ សម្តេចអំពាវនាវថា «កុំឃើញធនាគារនៅអាម៉េរិកប៉ុន្មានដួលរលំ បែរជានាំគ្នាទៅដកប្រាក់នៅធនគារក្នុងស្រុក នាំឱ្យធនាគារក្នុងស្រុកខ្លួនឯងដួលរលំនោះ…»។

សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ធនាគារអាម៉េរិកមានរាប់រយធនាគារ ដូច្នេះកុំទៅភ័យដែលគ្រាន់តែធនាគាររបស់អាម៉េរិក២ មានការដួលរលំនោះ។​ សម្ដេចតេជោ  បានបញ្ជាក់ថា សម័យនេះពិភពលោកប្រកបដោយភាពប្រកួតប្រជែង ប៉ុន្ដែសូមប្រកួតប្រជែងប្រកបដោយភាពឈ្នះឈ្នះទាំងអស់គ្នា ទើបជាភាពរីកច្រើនពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីព្រះរាជពិធីព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយដ៏ធំ និងទទួលជោគជ័យយ៉ាងធំធេង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការគង់នៅរបស់ព្រះករុណា ព្រះមហាក្សត្រ នៅព្រះរាជដំណាក់ធំនៅខេត្តសៀមរាប។ សម្តេចបញ្ជាក់ថា «ព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់តូច ដែលហ្លួងសម្តេចម៉ែធ្លាប់គង់នៅ»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការចាប់ខ្លួនបុគ្គលពីរូបដោយសមត្ថកិច្ច ដែលបានប្រមាថព្រះចេស្តារព្រះករុណា ព្រះមហាក្សត្រក្នុងពេលព្រះអង្គគង់នៅ និងជាព្រះរាជវត្តមានដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាសកម្មភាពប្រមាថមួយមិនអាចអត់ឱន និងលើកលែងបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនយុវជន២នាក់ ដែលបានយករូបភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅបង្ហោះព័ត៌មានមិនពិត លើបណ្ដាញសង្គម ដែលជាចេតនាដ៏អាក្រក់ដល់ព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដីនៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញទាំងអស់នូវកម្មវិធី ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា  សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់ឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចប្រកាសថាសម្តេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា«អាល្ងង់ទូទេ» សម្តេចសូមហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង»ពាក់ព័ន្ធនឹងឋានន្តរស័ក្តិរបស់កងទ័ព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវពាក់ផ្កាយ៤ដែលផ្កាយ៤នេះ ហ៊ុន ម៉ាណែត ត្រូវឡើងយូរហើយ តែហ៊ុន ម៉ាណែតខ្លួនឯងមិនព្រមឡើង»

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការយករូបភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គម គឺមិនមែនជាសិទ្ធិបញ្ចេញមតិទេ ប៉ុន្ដែជាការមួលបង្កាច់ដោយចេតនា ដោយមានចរិតបំផ្លិតបំផ្លាញ ប្រមាថចំពោះអង្គព្រះមហាក្សត្រនិងកិត្តិយសនាយករដ្ឋមន្រ្ដី ដែលករណីនេះ គឺមិនអាចអត់ឱនជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយបាយអ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០)មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាពេលនេះសម្តេចនៅជានាយករដ្ឋមន្ត្រី និងថ្ងៃក្រោយឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីបន្ត ក៏មិនលើកដៃចុះហត្ថលេខាលើកលែងទោសដល់ជនក្បត់ជាតិទាំងឡាយទាំងពួងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់វេទិកាឱ្យក្រុមប្រឆាំងដែលចង់វាយប្រហារមកលើ ឯកឧត្ដម ហ៊ុន ម៉ាណែត ព្រោះសម្ដេចខ្លាចណាស់កូនរបស់សម្ដេចទន់ជ្រាយ ដូច្នេះពួកអ្នកទាំងនោះបានបំពេញបំណងរបស់សម្ដេចហើយ នៅត្រង់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត ចេះការពារខ្លួនឯងយ៉ាងម៉េច ដឹងក្ដៅ ដឹងត្រជាក់យ៉ាងម៉េច ចាប់ពីឥឡូវទៅ មុនពេលខ្លួនធ្វើនាយករដ្ឋមន្រ្ដី។

...

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកទៅកាន់ក្រុមប្រឆាំងថា  «មានសត្រូវដ៏ខ្លាំង ប្រសើជាងមិត្តដែលខ្សោយ និងល្ងង់» ដូច្នេះអ្នកឯងបានជួយសម្ដេច ដើម្បីពង្រឹងសមត្ថភាពរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយថ្ងៃក្រោយឯកឧត្ដម ហ៊ុន ម៉ាណែត និងមិនទន់ជ្រាយលើកដៃចុះហត្ថលេខា លើកលែងទោសដល់ពួកអ្នកទាំងនោះ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print