ភ្នំពេញ : នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, ៖ ដោយសង្កេតឃើញថា ក្នុងមួយរយ:នេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។
សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”
៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”
៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់
៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានអ៊ីម៉ែលដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់នៅពេលដែលអ្នកភ្លេច ករណីលោកអ្នកចង់រំលងជម្រើសនេះ សូមចុចលើពាក្យ “Skip”
លើសពីនេះលោកអ្នកគួរពិចារណាក្នុងដាក់ Passcode ដើម្បីការពារកម្មវិធី Telegram ក្នុងកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Passcode & Face ID” -> “Turn Passcode On”
៣. ត្រង់ “Enter a password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ -> រួចចុច “Continue”
៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ ឡើងវិញ -> រួចចុច “Continue”
បញ្ជាក់៖ Passcode គឺមានតួនាទីការពារការលួចបើកកម្មវិធី Telegram ក្នុងទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ ដូច្នេះដើម្បីការពារគណនី Telegram ពីការលួចចូលពីចម្ងាយ អ្នកត្រូវដាក់លេខសម្ងាត់ (Two-Step Verification)៕
ដោយ : សហការី