ខេត្តស្វាយរៀង:លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជំរុញដល់ អាជ្ញាធរមូលដ្ឋានក្រុងស្រុក បន្តថែរក្សាសុខសន្តិភាព បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាតាមរយះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ការជំរុញ បែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឡើងនាព្រឹក ថ្ងៃទី២៣ខែមិនាឆ្នាំ២០២៣ ក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តស្វាយរៀង ដោយមានការចូលរួមពី សំណាក់ លោក ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
ក្ក្នុងឪកាសនោះ ដែរ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។
លោកបន្តថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញប្រឆាំងជំងឺកូវីដ១៩។
លោក ម៉ែន វិបុល អភិបាលខេត្តដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង នឹងម៉ឺងម៉ាត់បំផុត។
ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ នឹងផុលផុស។
រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។
លោកអភិបាលខេត្ត បានបន្តថា រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ ខ្ញុំសូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។
និង ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់អោយបានតឹងរឹងបំផុត ក្នុងការទប់ស្កាត់អោយបានទាន់ពេលវេលា រាល់សកម្មភាពរំលោភយកដីសាធារណៈ ការសាងសង់សំណង់ផ្សេងៗ រំលោភលេីដីចំណីផ្លូវ និងការចាក់ដីចូល ព្រែក ទន្លេ បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វេីជាកម្មសិទ្ធិឯកជន។