ដំណឹងល្អសម្រាប់ការងារ ! ខែក្រោយកម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់

ចែករំលែក៖

ភ្នំពេញ : រយៈពេល ២ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៥ ២០០ នាក់ និងទៅជប៉ុនចំនួន ១៥៤៤នាក់ ហើយនៅខែមេសាខាងមុខនេះ នឹងបញ្ជួនទៅបន្ថែមប្រមាណជិត ៤ពាន់នាក់ទៀត ក្នុងនោះទៅថៃចំនួន ៣០០០នាក់ និង ៨០០នាក់ទៅជប៉ុន។ នេះជាការបញ្ជាក់ពី លោក អន ប៊ុនហាក់ ប្រធាន សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នេះ ។

លោក អន ប៊ុនហាក់ បានបន្ថែមថា តាមផែនការនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការនៅប្រទេសថៃ និងជប៉ុនប្រមាណ ១៣ម៉ឺននាក់ កើនឡើងជាងឆ្នាំមុនដែលមានប្រមាណជាង ១១ម៉ឺននាក់ ក្នុងនោះនៅបញ្ជួនទៅប្រទេសថៃប្រមាណ ១០ម៉ឺននាក់ និងទៅប្រទេសជប៉ុនប្រមាណ ៣ម៉ឺននាក់។

លោកបានបន្តថា ពលករខ្មែរទៅធ្វើការនៅប្រទេសថៃភាគច្រើនទៅធ្វើការនៅតាមបណ្តារោងចក្រចំណីអារហារ និងក្រុមហ៊ុន សំណង់ សេវាកម្ម និងកសិកម្ម។ ចំណែកនៅប្រទេសជប៉ុនវិញ ភាគច្រើនជាកម្មសិក្សាការី។ រីឯពលករជំនាញមានប្រមាណតិចតួចទេដោយពួកគេទៅធ្វើការលើផ្នែកការវេចខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

លោកបានបន្តទៀតថា ចំពោះនីតិវិធីការបញ្ជូនពលករមិនមានលក្ខខណ្ឌស្មុគស្មាញដូចកាលរាតត្បាតជំងឺកូវីដ-១៩នោះទេ គឺពលករដែលទៅធ្វើការនៅជប៉ុនតម្រូវឱ្យសិក្សាភាសាជប៉ុនរយៈពេល៦ខែ និងទៅថៃមិនតម្រូវឱ្យសិក្សាភាសាថៃទេប៉ុន្តែពលករត្រូវមានសុខភាពល្អ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន ៣សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥ ០០០នាក់ នៅម៉ាឡេស៊ីមាន ២៣ ០២៧នាក់ នៅជប៉ុនមាន ១១ ៤៥៣នាក់ នៅសិង្ហបុរីមាន ៨២១នាក់ នៅចិនហុងកុងមាន ២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់ ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ៣ពាន់លានដុល្លារ។

សូមបញ្ជាក់ថា : ការផ្ដល់កម្លាំងពលកម្មឲ្យពលរដ្ឋខ្មែរមានការងារធ្វើនៅក្រៅប្រទេស ជាលក្ខណៈពិសេសល្អបំផុត សម្រាប់ឲ្យពួកគាត់ទទួលបាននូវប្រាក់ចំណូល តាមរយៈកម្លាំងពលកម្ម ដើម្បីជួយសម្រាលដល់ស្ថានភាពគ្រួសារ ក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្រដែលរាជរដ្ឋាភិបាលដាក់ចេញជាគោលការណ៍។

ប្រទេសកម្ពុជា មានសន្តិភាព ប្រជាពលរដ្ឋគ្រប់រូប មានឱកាសស្វែងរកការងារធ្វើ តាមជំនាញ សមត្ថភាព ចំណេះដឹង បទពិសោធន៍ ទទួលបានចំណូល ដើម្បីឲ្យពួកគាត់ មានជីវភាពល្អប្រសើរ ៕

ដោយ : សហការី

...


 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print