ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ថាៈ ស្រុកចំនួនពីរគីស្រុកថ្មពួកនិងស្រុកស្វាយចេកត្រូវបានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ទ្រាក់ផ្គរន្ទះធ្វើឱ្យផ្ទះពលរដ្ឋចំនួន៥៦ខ្នងរងការខូចខាតបាក់រលំនិងប៉ើងដំបូលកាលពីយប់ថ្ងៃ២៣ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។
សមត្ថកិច្ចក្នុងហេតុការណ៍បន្តថា ភ្លៀងធ្លាក់ចាប់ពីម៉ោង ១៦ ដល់ម៉ោង ១៩និង០០ នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់បក់បោកខ្លាំងធ្វើអោយប៉ះពាល់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនូន ៥៦ ខ្នង នៅឃុំថ្មពួក ស្រុកថ្មពួក ក្នុងនោះមានដើមពង្រ អាយុកាលជិត១០០ឆ្នាំ ធ្លាប់ជាម្លប់ដ៏ត្រជាក់របស់សិស្សវិទ្យាល័យថ្មពួកត្រូវបានដួលរលំផងដែរ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថាៈក្នុងភូមិថ្មពួករបើកដំបូលផ្ទះអស់ចំនួន ២៣ខ្នង សាលារៀន៤ខ្នង ទីចាត់ការ១ ខ្នង ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ។
ភូមិអ្នកតា របើកដំបូលអស់ចំនួន១៣ខ្នង ។ ភូមិស្វាយ របើកដំបូលចំនួន៣ខ្នង និងសាលារៀន១ខ្នង ។ ភូមិវត្តចាស់ របើកដំបូលចំនួន១៨ខ្នង ។ ភូមិកសិណ របើកដំបូលចំនួន២ខ្នង។ នៅក្នុងស្ថានការណ៍ខាងលើនោះគេឃើញមានកម្លាំងយោធា វរសេនាតូចថ្មើរជើងលេខ៥១ កងពលតូចថ្មើរជើងលេខ៥១ និងកងកម្លាំងចម្រុះ សហការចុះពិនិត្យនិងជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ៕ ដោយវណ្ណា